(បរទេស)៖ យោងតាមទ្រឹស្តី General Relativity របស់បិតារូបវិទ្យា Albert Einstein បានធ្វើឲ្យមនុស្សជំនាន់ក្រោយ ផ្លាស់ប្តូរការគិតរបស់ខ្លួន អំពីមូលដ្ឋានគ្រឹះនៃគំនិតក្នុងផ្នែករូបវិទ្យា នោះគឺពេលវេលា និងលំហអវកាស។ ទោះជាបែបនេះក្តី ទ្រឹស្តីនេះក៏បានបន្សល់ទុកនូវអាថ៌កំបាំងយ៉ាងជ្រាលជ្រៅ ដែលមិនទាន់មានការបកស្រាយឲ្យជាក់ច្បាស់ផងដែរ ហើយក្នុងនោះមានដូចជា ប្រហោងខ្មៅ (Black Hole) និងច្រកវើមហូល (Wormhole)។

បើនិយាយពី Black Hole គឺការសិក្សាជាច្រើនបានឲ្យយើងដឹង និងរកឃើញវាទៅហើយនាប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសម្រាប់ Wormhole វិញនោះ គឺត្រូវបានចាត់ទុកថា កំពុងស្ថិតនៅក្នុងបាតុភូត បែបស្រមើស្រម៉ៃនៅឡើយ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រសម័យទំនើប ដែលបន្តមរតកទ្រឹស្តីយ៉ាងច្រើនអនេក ពីអ្នកវិទ្យាសាស្ត្រជំនាន់មុនៗ មានក្តីជឿជាក់ថា ថ្ងៃណាមួយពួកគេនឹងអាចរកឃើញ Wormhole។

នៅក្នុងទ្រឹស្តី Wormhole គឺជាច្រកឆ្លងទីអវកាស ដែលអាចពង្រួញផ្លូវធ្វើដំណើររវាងតំបន់ពីរ ឲ្យមកនៅកៀកគ្នាបំផុត ឬយើងអាចហៅឲ្យងាយយល់ថា ផ្លូវកាត់ក្នុងទីអវកាស។ រយៈពេលពីរទៅបីខែកន្លងមកនេះ ការសិក្សាមួយចំនួនបានបង្ហាញពីមធ្យោបាយ ដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន ដែលអាចដឹកនាំយើងឲ្យរកឃើញ Wormhole។

ប្រហោងខ្មៅ និងច្រកវើមហូល គឺជាប្រភេទនៃសមីការដ៏ពិសេសរបស់ Einstein ដែលកើតឡើងនៅពេលចុងទាំងពីរ នៃសំណាញ់នៃពេលវេលាអវកាស (Structure of Spacetime) ត្រូវបានពត់ឲ្យកោងរហូតជួបប្រសព្វគ្នា ដោយសារតែកម្លាំងទំនាញ (Gravity)។ ឧទាហរណ៍នៅពេលដែលវត្ថុមួយហាប់ណែនខ្លាំង នោះសំណាញ់នៃ spacetime អាចត្រូវពត់ឲ្យកោង ដែលសូម្បីតែពន្លឺក៏មិនអាចគេចចេញបានដែរ ហើយវាគឺជាប្រហោងខ្មៅមួយ។

ខណៈដែលទ្រឹស្តីចែងថា សំណាញ់នៃ spacetime អាចត្រូវពន្លាត និងពត់កោងបាននោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចធ្វើការសន្និដ្ឋាន អំពីរចនាសម្ព័ន្ធរបស់វាដែលអាចកើតមាន។ នៅក្នុងឆ្នាំ១៩៣៥ លោក Einstein និងរូបវិទូម្នាក់ទៀតឈ្មោះ Nathan Rosen បានពណ៌នាអំពីរបៀបដែលសំណាញ់ spacetime ចំនួនពីរ អាចរួមបញ្ចូលគ្នាបាន ដែលបង្កើតចេញទៅជាស្ពានឆ្លងទៅរកគ្នា ដែលយើងហៅថាច្រក Wormhole។ ចាប់តាំងពីពេលនោះមក ក្រុមអ្នកសិក្សាផ្សេងទៀត ចាប់ផ្តើមគិតលើទ្រឹស្តីនេះរហូតដល់បច្ចុប្បន្ន។

 

ច្រក Wormhole អាចឲ្យធ្វើដំណើរបាន ដែលនេះមានន័យថា មនុស្សអាចឆ្លងកាត់វាបាន។ សម្រាប់ការគិតបែបនេះ គឺមានន័យថា មនុស្សត្រូវតែមានរបស់ធំៗសម្រាប់ការពារខ្លួន (យានអវកាសរឹងមាំ) ដើម្បីទប់ទល់នឹងកម្លាំងទំនាញ ដែលព្យាយាមរាំងខ្ទប់ដំណើររបស់យើង។ ដើម្បីពុះពារឆ្លងកាត់ច្រកនេះយើងប្រហែលជាត្រូវមាន ថាមពលសម្រាប់ដើរបញ្ច្រាស់ ឬថាមពលរាំងខ្ទប់ (negative energy) យ៉ាងច្រើនមហិមាបំផុត (negative energy សំដៅលើថាមពល ដែលអ្នកវិទ្យាសាសាស្ត្រគិតថា អាចមានក្នុង Wormhole ហើយរុញច្រានយើងឲ្យធ្វើដំណើរឆ្លងពេលវេលា លឿនជាងការធ្វើដំណើរក្នុងល្បឿនពន្លឺទៅទៀត)។

តើលោកអ្នកស្តាប់ទៅ មានអារម្មណ៍ថាប្រឌិតខ្លាំងណាស់មែនទេ? ជាការពិត negative energy ពិតជាមានមែនហើយ ដោយពួកវាកំពុងស្ថិតក្នុងការផលិត នៅឯមន្ទីរពិសោធន៍ ក្នុងចំនួនតិចតួចប៉ុណ្ណោះ។ យើងក៏បានដឹងផងដែរថា negative energy គឺស្ថិតនៅពីក្រោយការធ្វើឲ្យចក្រវាល ឬសកល (universe) រីកសាយភាយកាន់តែធំឡើង នៅក្នុងទីអវកាស មិនខុសពីថាមពលងងឹត (Dark engery) នោះឡើយ។ ដូច្នេះធម្មជាតិពិតបានរកឃើញផ្លូវមួយ ទៅរកការបង្កើតច្រក Wormholes ឡើង។

* ការអង្កេតរក wormholes នៅលើផ្ទៃមេឃ

តើយើងអាចបង្ហាញថា Wormhole មានវត្តមានដោយរបៀបណា? នៅក្នុងអត្ថបទមួយដែលត្រូវចុះផ្សាយ នៅក្នុងកំណត់ហេតុវិទ្យាសាស្ត្រប្រចាំខែ Royal Society ក្រុមតារាវិទូជនជាតិរុស្ស៊ីបានពន្យល់ថា ច្រក Wormholes ទំនងជាកើតមាននៅត្រង់តំបន់ចំណុចកណ្តាល នៃកាឡាក់ស៊ីនានាដែលមានពន្លឺភ្លឺខ្លាំង ហើយពួកគេក៏បានបំផុសគំនិត ឲ្យក្រុមអ្នកសិក្សាព្យាយាមអង្កេតរក Wormholes ទាំងនោះផងដែរ។

វាអាចកើតមានឡើងនៅពេលដែលមាត់ច្រកណាមួយរបស់ Wormhole មានវត្ថុធ្លាក់ចូលទៅក្នុងវា ហើយបើតាមការគណនា នៅពេលដែលវត្ថុអវកាសណាមួយ ប៉ះទង្គិចនឹងថាមពលនៃមាត់ច្រក Wormhole នោះវានឹងបញ្ចេញកាំរស្មីវិទ្យុសកម្មហ្គាម៉ា (gamma rays ឬ gamma radiation) ដែលយើងអាចព្យាយាមចាប់សញ្ញាបាន តាមរយៈតេឡេស្កូបលើផែនដី។

ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ទៀតថា យើងអាចគណនាអំពីភាពខុសគ្នា នៃកាំរស្មីហ្គាម៉ាខាងលើនេះ ដែលបញ្ចេញពីប្រហោងខ្មៅ និងច្រក Wormhole។ សម្រាប់ Black Hole កាំរស្មី gamma rays ចេញពីវាត្រូវបានគេដឹងថា មានទម្រង់វែងៗ ឬដូចជាបណ្តុំផ្សែងចេញពីកន្ទុយយន្តហោះ។ ដោយឡែកកាំរស្មី gamma rays ចេញពី Wormhole វិញនោះ អាចមានរាងជាស្វែរមូល។ ការសិក្សាស្វែងរក Wormhole នៅតំបន់កៀកៗចំណុចកណ្តាលនៃកាឡាក់ស៊ី គឺជារឿងដែលគួរធ្វើ។

* Wormhole អាចត្រឹមជាក្តីស្រមៃមែន ប៉ុន្តែយើងគួរប្រឹងឲ្យអស់លទ្ធភាពសិន ដើម្បីស្វែងរកវា

ច្រក Wormhole នៅពេលនេះស្ថិតនៅត្រឹមតែជាក្តីស្រមៃ​ដែលមនុស្សបានបង្កើតឡើង។ វាខុសឆ្ងាយពីប្រហោងខ្មៅ (Black Hole) ដែលអាចឲ្យយើងដឹងថាមាន ព្រោះតែវាជាបាតុភូតអវកាស ដែលបានស្រូបកម្ទេចវត្ថុនៅជុំវិញវា ហើយវត្ថុទាំងនោះនឹងបំបែកខ្លួន រួចបញ្ចេញពន្លឺយ៉ាងភ្លឺចិញ្ចាច។ ដោយសារតែចំហេះនៃកម្ទេចធូលី និងឧស្ម័នដ៏ពុះកញ្ជ្រោល ទើបជាហេតុដែលអាចឲ្យយើងដឹងថា នៅត្រង់តំបន់នោះមានវត្តមាន Black Hole។

ការគណនាខ្លះបានលើកឡើងថា Wormhole គឺជាច្រកតភ្ជាប់រវាងប្រហោងខ្មៅពីរ។ ការពិសោធន៍អំពីវាអាចឲ្យយើង ឈានទៅដោះស្រាយភាពខុសប្លែកគ្នានៃព័ត៌មានអំពី ក្វាន់ធឹម (quantum information paradox) ដែលកន្លងមកនេះបានចែងថា អ្វីៗគ្រប់យ៉ាងទាំងអស់ នឹងរលាយបាត់ស្រមោលតែម្តង នៅពេលចូលទៅក្នុងប្រហោងខ្មៅ ប៉ុន្តែទ្រឹស្តីទាំងនេះក៏បានប្រាប់យើង អំពីទំនាក់ទំនងគ្នាយ៉ាងជ្រាលជ្រៅរវាងទ្រឹស្តីរូបវិទ្យាក្វាន់ធឹម និងទំនាញ (quantum physics និង gravity) ដែលច្រក Wormhole នេះហើយមានទំនាក់ទំនងទៅនឹងទ្រឹស្តីទាំងពីរនេះ ខណៈវាក៏អាចជាជំនួយ ដែលបានជួយទៅដល់ការបង្កើតទ្រឹស្តី «theory of everything» ឡើងមកផងដែរ។

ការពិតដែលថាច្រក Wormhole ដើរតួយ៉ាងសំខាន់ក្នុងដំណើរវិវឌ្ឍ ដ៏គួរឱ្យចាប់អារម្មណ៍ដូចបានរៀបរាប់ខាងលើនេះ ទំនងជាមិនត្រូវបានគេកត់សម្គាល់នោះទេ។ យើងប្រហែលជាមិនអាចរកឃើញ Wormhole ទាំងនោះទេ ប៉ុន្តែពួកវាពិតជាអាចមាននៅទីនោះ។ Wormhole នឹងថែមទាំងអាចជួយយើងឲ្យយល់អំពីអាថ៌កំបាំង​នៅក្នុងអាថ៌កំបាំងរបស់ទីអវកាស ជាពិសេសចំពោះសំនួរថា តើចក្រវាលរបស់យើងមានតែមួយ ឬយ៉ាងណា៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space, The Conversation (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១)

 

LEAVE A REPLY

Please enter your comment!
Please enter your name here