(បរទេស)៖ ទាំងអង្គការអវកាស និងកំពូលមហាសេដ្ឋីនានាជុំវិញពិភពលោក សុទ្ធតែមានមហិច្ឆតារួចទៅហើយ ក្នុងការស្វែងរកទីឋានផ្សេង ក្រៅពីភពផែនដីមួយនេះ ដើម្បីពង្រាយវត្តមានរបស់មនុស្សលោកទៅកាន់ទីនោះ ហើយបេក្ខភាពដែលល្អជាងគេបំផុត គឺមានតែភពអង្គារនោះហើយ។ វាមិនមែនមកពីភពអង្គារ ស្ថិតនៅជិតផែនដីតែមួយមុខនោះឡើយ ប៉ុន្តែដោយសារតែអ្វីៗដែលភពអង្គារមាន គឺអាចឲ្យមនុស្សងាយសម្រប ជាងនៅលើឋានព្រះច័ន្ទ និងទីកន្លែងផ្សេងៗទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ។

ប៉ុន្តែបើយើងងាកទៅមើលអត្ថបទថ្មីមួយ ដែលត្រូវបានចុះផ្សាយកាលពីដើមខែមករា ឆ្នាំ២០២១ មានចំណងជើងថា «បោះចោលភពក្រហម រួចទៅកសាងមូលដ្ឋានអវកាស នៅជុំវិញកូនភព សៀរីស (Ceres) វិញ» នោះគឺជាទស្សនវិស័យ ដែលមិនគួរត្រូវមើលរំលង។ អត្ថបទដែលមិនទាន់ត្រូវបានត្រួតពិនិត្យជាថ្មីនេះ គឺជាការពណ៌នារបស់តារាវិទូ និងជារូបវិទូម្នាក់ផងដែរ គឺលោក ផេកកា ហាន់ហ៊ូណិន (Pekka Janhunen) មកពីវិទ្យាស្ថាន Finnish Meteorological ស្ថិតនៅទីក្រុង ហេលស៊ីងគី (Helsinki) នៃប្រទេសហ្វាំងឡង់។

លោក Pekka Janhunen បានរៀបរាប់់ថា វាគឺជាគំនិតនៃកសាង ផ្កាយរណបដ៏ធំមហាសាល ដែលត្រូវផ្គុំឡើងពីកំណាត់យានអវកាសរាងស៊ីឡាំងធំៗ រាប់ពាន់កំណាត់ ហើយផ្គុំគ្នាក្លាយជារង្វង់ដូចបន្ទះឌីស (មិនសូវខុសពីខ្សែភាពយន្ត Elysium ឆ្នាំ២០១៣) ដើម្បីដាក់ឲ្យគោចរប្រៀបដូចផ្កាយរណបយក្សមួយ នៅជុំវិញកូនភព Ceres។ កំណាត់ស៊ីឡាំងនីមួយៗ ត្រូវតែអាចផ្ទុកមនុស្សបាន ៥០,០០០នាក់, មានបណ្តោយ ១០គីឡូម៉ែត្រ និងមុខកាត់ ១គីឡូម៉ែត្រ, អាចទ្រទ្រង់បរិយាកាសសិប្បនិមិត្ត និងមានកម្លាំងទំនាញក្នុងកម្រិតដូចផែនដី ដែលកើតចេញពីការវិលជុំវិញខ្លួនឯង នៃផ្កាយរណបដ៏ធំមហាសាលនោះ។

 

ជាការពិតគំនិតខាងលើនេះ មិនមែនជារឿងថ្មីឡើយ ដោយវាត្រូវបានលើកឡើងរួចមកហើយ កាលពីអំឡុងទសវត្សរ៍ ១៩៧០ ដែលកាលណោះត្រូវបានគេស្គាល់ថា អូនៀល ស៊ីលីនដឺ (O’Neill cylinder)។ ប៉ុន្តែ តើហេតុអ្វីបានជាពេលនេះលោក Pekka Janhunen ជ្រើសរើសយកកូនភព ឬភពបម្រុង Ceres ធ្វើជាគោលដៅទៅវិញ?

Ceres គឺជាកូនភពស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ដែលមានទីតាំងស្ថិតនៅចន្លោះ គន្លងគោចរនៃភពអង្គារ និងភពព្រហស្បតិ៍ ហើយក៏ជាជង្រុងនៃអាចម៍ផ្កាយតូចធំរាប់ពាន់លានដុំផងដែរ។ Ceres មានអង្កត់ផ្ចិត ៩៤៦គីឡូម៉ែត្រ ហើយមានទំនាញខ្សោយ និងគ្មានបរិយាកាសឡើយ។ បើតាមលោក Pekka Janhunen យើងអាចបង្កើតជណ្តើរអវកាស ដឹកធនធានចាំនានាឡើងពីផ្ទៃរបស់ Ceres ដើម្បីបង្កើតអ្វីៗគ្រប់យ៉ាង សម្រាប់ប្រើប្រាស់នៅលើផ្កាយរណបយក្សជុំវិញ Ceres នោះតែម្តង ដោយមិនរំពឹងលើធនធានទាំងអស់ ដែលយកមកពីភពផែនដីនោះឡើយ។

ឥឡូវនេះយើងសូមដាក់ឈ្មោះវាថា «ភពបន្ទះឌីសចល័ត» ទៅចុះដើម្បីឲ្យស្រួលស្តាប់។ បរិយាកាសសិប្បនិមិត្ត, ការបំពាក់កញ្ចក់ ដើម្បីស្រូបយកតែថាមពលពន្លឺ​វិជ្ជមានពីព្រះអាទិត្យ និងដីសម្រាប់ដាំដំណាំ ព្រមទាំងសាងសង់លំនៅដ្ឋាន ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីចល័ត និងការបង្កើតឲ្យមានពេលយប់ និងពេលថ្ងៃឲ្យដូចនៅលើផែនដី ពិតជាគំនិតដ៏អស្ចារ្យមួយ ដែលមនុស្សអាចបង្កើតឡើងបាន ប្រសិនបើមានធនធានគ្រប់គ្រាន់។

តើក្រោយលោកអ្នកបានអាន រាល់ចំណុចខាងលើនេះហើយពិតជារំភើប និងពេលខ្លះគិតថា ពិបាកទៅរួចខ្លាំងណាស់មែនឬទេ? ប្រាកដណាស់! ដូចយើងបានរៀបរាប់ខាងលើនេះថា អត្ថបទមួយនេះ​មិនទាន់ត្រូវបានត្រួតពិនិត្យឡើងវិញឡើយ ហើយចន្លោះប្រហោងធំបំផុតចំនួនពីរ ត្រូវបានរកឃើញដោយក្រុមអ្នកជំនាញនោះ គឺប្រភពនៃអុកស៊ីហ្សែន និងផូស្វ័រ (phosphorus) ដែលពិតជាចាំបាច់បំផុតសម្រាប់ជីវិត។

អុកស៊ីសែនដែលមនុស្សដកដង្ហើមលើផែនដី ភាគច្រើនបំផុតគឺចេញមកពីក្នុងទឹក និងមហាសមុទ្រទាំងអស់ ខណៈផូស្វ័រ (phosphorus) វិញគឺពិតជាសំខាន់ខ្លាំងណាស់ ដែលខ្លួនមនុស្សត្រូវការដើម្បីបង្កើត DNA, RNA និង ATP ដែលសុទ្ធសឹងតែជាទម្រង់នៃថាមពលបម្រុង ដ៏ចាំបាច់នៅក្នុងកោសិកា។ ទោះជាលោក Pekka Janhunen បានសរសេរបញ្ជាក់ថា អុកស៊ីហ្សែន និងផូស្វ័រ អាចនឹងត្រូវបង្កើតនៅលើភពបន្ទះឌីសចល័ត ប៉ុន្តែធាតុពិតជាក់ស្តែង នៃការបង្កើតវាឡើង នឹងមិនមែនងាយដូចការគិតឡើយ ហើយរូបវិទូម្នាក់នេះក៏មិនបានពន្យល់អំពីវាដែរ។

សរុបសេចក្តីមក ប្រសិនបើមហាសេដ្ឋី ឬក្រុមអ្នកមានទ្រព្យមហិមាណាមួយ ហ៊ានសម្រេចចិត្ត​កសាងភពបន្ទះឌីសចល័ត ក្នុងរយៈពេល ១៥ឆ្នាំទៀតមែននោះ លោក Pekka Janhunen បានគណនាថា វានឹងអាចបញ្ចប់នៅក្នុងរយៈពេល ២២ឆ្នាំ ឬនៅពេលដែលគេអាចរកវិធីទាញយកធនធានរ៉ែពី Ceres មកប្រើការបាន ហើយផលិតគ្រឿងបរិក្ខាចាំបាច់ នៅនឹងកន្លែងផ្ទាល់។ ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រខ្លះបានអះអាងថា ពេលវេលា ២២ឆ្នាំមិនអាចកសាងយានដ៏ធំធេងខាងលើនេះបានឡើយ ដោយយើងប្រាកដជាត្រូវការពេលយូរជាងនេះទៀត៕

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space, Live Science (ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here