(បរទេស)៖ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ បេសកកម្មអវកាសរហូតដល់ទៅ ០៣ឯណោះ នឹងត្រូវនាំគ្នាសម្រុកចូលក្នុងគន្លងគោចរជុំវិញភពអង្គារ ដើម្បីបំពេញមហិច្ឆតាក្នុងការស្រាវជ្រាវរៀងៗខ្លួន ក្នុងនោះមានដូចជា សហរដ្ឋអាមេរិក, ប្រទេសចិន និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ទោះជាយ៉ាងណា ពេលវេលានៃការចាប់ផ្តើមបេសកកម្ម គឺខុសៗគ្នាទៅតាមឱកាសដ៏ស័ក្តិសម ដែលទីភ្នាក់ងារអវកាសទាំង ០៣ បានត្រៀមលក្ខណៈទុកជាមុន។

១៖ បេសកកម្មស្រាវជ្រាវ Perseverance នៃសហរដ្ឋអាមេរិក

អង្គការ NASA បានចំណាយថវិការហូតដល់ទៅ ២.៧ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ និងផលិតចេញជាបេសកកម្មស្រាវជ្រាវភពអង្គារថ្មី ដោយក្នុងនោះមាន គ្រឿងយន្តរ៉ូបូតខ្នាតធំមួយគ្រឿង (Rover ទម្ងន់ជាង ១,០០០គីឡូក្រាម) សម្រាប់ចល័តលើផ្ទៃភពអង្គារមានឈ្មោះថា Perseverance និងឧទ្ធម្ភាគចក្រខ្នាតតូចមួយគ្រឿងទៀតឈ្មោះ Ingenuity (Ingenuity មានតម្លៃអភិវឌ្ឍ និងផលិតឡើងសរុប ៨៥លានដុល្លារ)។

បេសកកម្ម Perseverance មួយចង្កោមតែម្តង នឹងត្រូវទម្លាក់ខ្លួនបុកបរិយាកាសភពអង្គារ ដើម្បីចុះចតតាមផែនការនៅថ្ងៃទី១៨ ខែកុម្ភៈ (ពេលវេលានៅសហរដ្ឋអាមេរិក ឬត្រូវនឹងពេលយប់ថ្ងៃដដែល ពេលវេលានៅកម្ពុជា)។ ការចុះចតដែលត្រូវបានចាត់ទុកថា ពេលវេលានៃការស្លាប់រស់នេះ នឹងមានរយៈពេលតែ ៧នាទីប៉ុណ្ណោះ ទៅក្នុងរណ្តៅ Jezero ស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារ។

Perseverance មានតួនាទីស្រាវជ្រាវដុំថ្មភពអង្គារ ដើម្បីរកមើលម៉ូលេគុលហ្វូស៊ីល ដែលអាចជាភស្តុនៃជីវិតកាលពីអតីតកាល នៅលើភពអង្គារ ព្រមទាំងធ្វើការសិក្សា អំពីបរិស្ថានភពអង្គារបន្ថែមទៀត។ ដោយឡែកឧទ្ធម្ភាគចក្រ Ingenuity គឺសម្រាប់ធ្វើតេស្តហោះហើរ ក្នុងបរិយាកាសដ៏ស្តើងនៃភពអង្គារ (ស្មើមិនដល់ ១% នៃកម្រាស់បរិយាកាសផែនដី) ដើម្បីធ្វើការគូសវាសទីតាំងភូមិសាស្ត្រសំខាន់ៗ ជាជំនួយដល់បេសកកម្ម Perseverance។

សម្រាប់គោលដៅចុងក្រោយរបស់ Perseverance គឺការជីកយកគំរូតាងជាដុំថ្មភពអង្គារ រួចវេចខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីដឹកជញ្ជូនមកកាន់ភពផែនដីវិញ គឺអង្គការ NASA ត្រូវការកិច្ចសហការជាមួយអឺរ៉ុប ដែលនឹងកើតឡើងយ៉ាងឆាប់បំផុត​នៅឆ្នាំ២០៣១។

២៖ បេសកកម្ម Tianwen-1 នៃប្រទេសចិន

បេសកកម្មស្រាវជ្រាវភពអង្គារដំបូង ដែលចិនបានប្រឹងប្រែងអភិវឌ្ឍឡើង នោះមានឈ្មោះថា Tianwen-1។ វាមានផ្កាយរណបមួយគ្រឿង ដើម្បីគោចរនៅក្នុងគន្លងជុំវិញភពព្រះអង្គារ និងគ្រឿងយន្ត Rover ចល័តមួយគ្រឿង (ទម្ងន់ជាង ២៤០គីឡូក្រាម) ដើម្បីបរលើផ្ទៃដីភពអង្គារ។ បេសកកម្ម Tianwen-1 នឹងទៅដល់ភពអង្គារនៅថ្ងៃទី១០ ខែកុម្ភៈ (ស្អែកនេះ) ប៉ុន្តែការចុះចត Rover នឹងត្រូវធ្វើនៅរយៈពេល ២ ទៅ ៣ខែបន្ទាប់ពីនេះ (អាចនៅអំឡុងខែមេសា ឆ្នាំ២០២១) ដោយសារចិនត្រូវការពេលសិក្សា និងត្រៀមឲ្យបានល្អបំផុត។

Tianwen-1 មានគោលដៅស្រាវជ្រាវអំពីប្រភពទឹកលើភពអង្គារ, ដី, ទឹកកក និងការគូសវាសទីតាំងភូមិសាស្ត្រសំខាន់ៗនៃភពអង្គារ សម្រាប់បេសកកម្មទៅថ្ងៃអនាគត។ សម្រាប់ទីតាំងដែលត្រូវចុះ Rover របស់ចិនដំបូងលើភពអង្គារ គឺមានចំនួនពីរជាជម្រើស នោះគឺទី ១ ទីតាំងចុះចតក្បែរគ្រឿងយន្ត Viking 1 របស់សហរដ្ឋអាមេរិក និងមួយទៀត នៅក្បែរកន្លែងចុះចតរបស់គ្រឿងយន្ត Curiosity របស់អាមេរិកដូចគ្នា ដែលសុទ្ធសឹងតែស្ថិតនៅអឌ្ឍគោលខាងជើង នៃភពអង្គារ។

សម្រាប់តម្លៃនៃបេសកកម្ម Tianwen-1 គឺមិនត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់ឡើយ ប៉ុន្តែផ្កាយរណបរបស់ចិន គ្រោងស្ថិតនៅជុំវិញភពអង្គារ សម្រាប់រយៈពេលកំណត់ ០២ឆ្នាំ (ពេលវេលានៅលើផែនដី) ខណៈគ្រឿងយន្ត Rover វិញនឹងស្ថិតនៅរយៈពេលកំណត់ ៩០ថ្ងៃ (ពេលវេលានៅលើភពអង្គារ)។

៣៖ បេសកកម្ម Al-Amal (ក្តីសង្ឃឹម ឬ Hope) នៃអេមីរ៉ាត់អារ៉ាប់រួម

បេសកកម្មអវកាស Al-Amal ដែលមានន័យជាភាសាអង់គ្លេសថា Hope គឺជាបេសកកម្មឆ្ពោះទៅកាន់ភពអង្គារ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ហើយវាជាបេសកកម្មដំបូងបំផុត ប្រចាំពិភពអារ៉ាប់ទាំងមូល ក្នុងការបញ្ជូនគ្រឿងយន្តអវកាស ឆ្ពោះទៅកាន់ភពដទៃទៀត ក្នុងប្រព័ន្ធព្រះអាទិត្យយើង។ អេមីរ៉ាត់អារ៉ាប់រួមបានចំណាយថវិកា ២០០លានដុល្លារ ក្នុងការអភិវឌ្ឍបេសកកម្មអវកាសនេះ។

បេសកកម្ម Al-Amal មានតែផ្កាយរណបមួយគ្រឿង សម្រាប់ហោះគោចរនៅជុំវិញភពអង្គារប៉ុណ្ណោះ។ ផ្កាយរណបនេះមានទម្ងន់ ១,៣៥០គីឡូក្រាម គឺប្រហែលស្មើនឹងរថយន្តប្រភេទ SUV មួយគ្រឿង។ បេសកកម្ម Al-Amal ខុសពីបេសកកម្ម ០២ផ្សេងទៀតរបស់ចិន និងអាមេរិក ដែលត្រូវទៅដល់ភពអង្គារក្នុងខែកុម្ភៈនេះដែរ គឺវានឹងមិនមានការចុះចត​ទៅលើផ្ទៃភពក្រហមនេះឡើយ។

ផ្កាយរណប Al-Amal នឹងចំណាយពេល ៦៨៧ថ្ងៃ (រយៈពេលលើផែនដី) ដែលស្មើនឹងរយៈពេលមួយឆ្នាំនៅភពអង្គារ ដើម្បីសិក្សាស្វែងយល់បែបស៉ីជម្រៅ អំពីស្រទាប់បរិយាកាស និងអាកាសធាតុរបស់ភពនេះ។ វានឹងចូលទៅដល់គន្លងភពអង្គារនៅថ្ងៃទី០៩ ខែកុម្ភៈនេះហើយ គឺមុនបេសកកម្មរបស់ចិន និងអាមេរិក។

ប្រសិនបើជោគជ័យ Al-Amal នឹងធ្វើឲ្យអេមីរ៉ាត់អារ៉ាប់រួម ក្លាយជាប្រទេសទី ៥ នៅលើពិភពលោក ដែលមានគ្រឿងយន្តហោះទៅដល់ភពអង្គារ និងជាការអបអរគម្រប់ខួប ៥០ឆ្នាំនៃការបង្រួបបង្រួម​ប្រជាជាតិអារ៉ាប់មួយនេះផងដែរ៕

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ NASA, CNSA, Space (ថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here