(បរទេស)៖ ផ្កាយ Alpha Centauri A ដែលស្ថិតនៅជាគូជាមួយបងប្អូនភ្លោះវាមួយទៀតគឺ Alpha Centauri B ត្រូវបានក្រុមតារាវិទូសង្ស័យថា អាចមានភពមួយកំពុងគោចរជុំវិញវា ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតគឺ exoplanet នោះទំនងជាអាចទ្រទ្រង់ជីវិត។ បើនិយាយពីផ្កាយ Proxima Centauri ដែលជាផ្កាយមួយទៀត ក្នុងចំណោមផ្កាយភ្លោះ Alpha Centauri នោះ (យើងអាចហៅប្រព័ន្ធទាំងមូលថា Centaurus ដែលមានផ្កាយសរុបចំនួន ០៣ដួង នោះគឺ Alpha Centauri A, B និង Proxima) មានភពពីររួចទៅហើយគឺ Proxima B និង Proxima C ត្រូវបានរកឃើញថាកំពុងគោចរជុំវិញវា ដោយក្រុមអ្នកវិទ្យាសាស្ត្រចាប់តាំងពីឆ្នាំ២០១៦ បានសន្និដ្ឋានរួចទៅហើយថា ភពមួយក្នុងចំណោមពីរនេះ គឺProxima B អាចមានអំណោយផលដល់ជីវិត ប៉ុន្តែស្ថិតក្នុងភាគរយតិចបំផុត។

ទោះជាយ៉ាងណា ផ្កាយភ្លោះ Alpha Centauri ទាំងពីរដួង ដែលក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានសន្និដ្ឋាន អស់ជាច្រើនច្រើនឆ្នាំមកនេះថា មិនអាចមានភពនៅក្នុងគន្លងគោចរនោះ ឥឡូវនេះមួយក្នុងចំណោមពួកវា អាចមានភពមួយកំពុងស្ថិតនៅទីនោះហើយ។ របកគំហើញថ្មីនេះ គឺទទួលបានមកពីកម្មវិធីសិក្សាមួយរបស់អឺរ៉ុប (NEAR) ដែលមានតម្លៃ ៣លានដុល្លារអាមេរិក តាមរយៈការប្រើប្រាស់មន្ទីរអង្កេតតារាភាគខាងត្បូង (ESO) ដើម្បីសម្ងំមើលបម្រែបម្រួលនៃផ្កាយភ្លោះ Alpha Centauri ស្ថិតក្នុងគោលដៅចម្បងក្នុងការស្វែងរកភព​ ដែលអាចទ្រទ្រង់ជីវិតនៅទីនោះ។

កម្មវិធី NEAR បានប្រើប្រាស់តេឡេស្កូបធំមួយរបស់ ESO នៅក្នុងប្រទេសឈីលីដែលមានឈ្មោះថា VLT ដើម្បីអង្កេតទៅលើតំបន់អំណោយផល សម្រាប់ទ្រង់ទ្រង់ជីវិត ឬ Habitable Zone នៃផ្កាយទាំងពីរនោះគឺ Alpha Centauri A និង B។ VLT គឺជាបណ្តាញតេឡេស្កូប ដែលទើបទទួលបានការបំពាក់បច្ចេកវិទ្យាថ្មី ដោយនៅទីបំផុតវាបានប្រទះឃើញ ការបិទបាំងពន្លឺក្នុងទម្រង់មួយ ដែលអាចជាសញ្ញានៃភពដែលបានគោចរ ឆ្លងកាត់ពីមុខផ្កាយរបស់វា។ ក្រោយការអង្កេតលើទិន្នន័យរយៈពេល ១០០ម៉ោងនៃកម្មវិធី NEAR កាលពីអំឡុងខែឧសភា និងមិថុនា ឆ្នាំ២០១៩ ក្រុមអ្នកវិទ្យាសាស្ត្របានកំណត់ដឹងថា សញ្ញានៃការបាំងពន្លឺនោះ គឺចេញផ្កាយ Alpha Centauri A ហើយភពស្ថិតក្នុងការសង្ស័យនៅឡើយនោះ អាចមានទំហំប៉ុនភពណិបទូនរបស់យើង ដោយអាចកំពុងគោចរក្នុងគម្លាតចាប់ពី ១៥០-៣០០លានគីឡូម៉ែត្រពីផ្កាយ Alpha Centauri A។

ទោះជាយ៉ាងណា វត្តមានពិតប្រាកដនៃភពស្ថិតក្នុងប្រព័ន្ធ Alpha Centauri A ខាងលើនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ ដោយក្រុមអ្នកវិទ្យាសាស្ត្រកំពុងតាមដានបន្តទៀត។ ប៉ុន្តែប្រសិនបើវាពិតជាមានវត្តមានមែន នោះប្រព័ន្ធផ្កាយភ្លោះបីដែលស្ថិតនៅជិតយើងបំផុតនេះ (៤.៣៧ឆ្នាំពន្លឺ) មានភពចំនួនពីរហើយ ដែលត្រូវបានគេសង្ស័យថាអាចទ្រទ្រង់ជីវិត។

ជុំវិញរបកគំហើញថ្មីខាងលើនេះ អ្នកដឹកនាំការសិក្សារបស់ NEAR គឺលោក Kevin Wagner មកពីសាកលវិទ្យាល័យរដ្ឋ Arizona បានលើកឡើងថា «យើងពិតជាភ្ញាក់ផ្អើលណាស់ ចំពោះសញ្ញាថ្មីដែលមាននៅក្នុងទិន្នន័យរបស់យើង។ ខណៈដែលការរកឃើញទាំងអស់ ត្រូវនឹងលក្ខណៈវិនិច្ឆ័យនៃអ្វីដែលភពផែនដីយើងមាន នោះការពន្យល់ផ្សេងទៀតដូចជា កម្ទេចធូលីអវកាសនៅក្នុងតំបន់ Habitable Zone ឬអាចជាវត្ថុសែសសល់ណាមួយ ដែលមិនទាន់អាចពន្យល់ ក៏សុទ្ធតែជាលទ្ធភាពដែលអាចទៅរួចផងដែរ»។

ការចាប់ផ្តើមរកឃើញសញ្ញានៃភពថ្មីជុំវិញ Alpha Centauri A ដែលជាផ្កាយមានលក្ខណៈដូចព្រះអាទិត្យយើងនេះ គឺមានន័យថាក្រុមអ្នកវិទ្យាសាស្ត្រត្រូវការប្រើពេល ដើម្បីអង្កេតបន្តទៀត ទើបអាចដឹងថាភពដូចការសង្ស័យនោះមានវត្តមានឬទេ។ បន្ថែមពីនេះបើតាម អ្នកវិទ្យាសាស្ត្រមួយរូបទៀតឈ្មោះ Pete Klupar ដែលបាននិងកំពុងចូលរួមកម្មវិធី NEAR ផងដែរបានថ្លែងថា ជាធម្មតានៅពេលយើងរកឃើញភពដំបូង នៅជុំវិញផ្កាយណាមួយ នោះយើងតែងតែរកឃើញភពបន្ថែមទៀត នៅគោចរជុំវិញផ្កាយដដែលនោះ។

គួរបញ្ជាក់ថា ផ្កាយ Alpha Centauri A និង B គឺជាប្រភេទប្រព័ន្ធផ្កាយភ្លោះ (Binary System) ដែលគោចរជុំវិញគ្នាទៅវិញទៅមក ក្នុងមួយជុំដោយប្រើប្រាស់រយៈពេល ៨០ឆ្នាំ (ពេលវេលានៅលើផែនដី)។ ពួកវាទាំងពីរនេះស្ថិតនៅក្នុងចម្ងាយជាមធ្យម ៤.៣៧ឆ្នាំពន្លឺពីផែនដី ខណៈផ្កាយ Proxima Centauri ដែលស្ថិតនៅឆ្ងាយពីផ្កាយទាំងពីរនេះបន្តិច មានចម្ងាយតែ ៤.២ឆ្នាំពន្លឺប៉ុណ្ណោះពីផែនដី។ គម្លាតរវាង Alpha Centauri A និង Alpha Centauri B គឺជាមធ្យម ៧៥ពាន់លានគីឡូម៉ែត្រ៕

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here