(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ កំពុងខិតទៅកាន់កៀកនៃការរកឃើញ ប្រភពរបស់ដុំអាចម៍ផ្កាយ ឈីកហ្ស៊ូលឹប (Chicxulub) ដែលបានផ្តាច់ពូជពពួកដាយណូស័រកាលពី ៦៦លានឆ្នាំមុននោះហើយ ដោយទំនងជានៅសល់តែមួយជំហានចុងក្រោយប៉ុណ្ណោះ។ រណ្តៅអាចម៍ផ្កាយ នៅឈូងសមុទ្រយូកាតាន់ (Yukatan) នៃប្រទេសម៉ិចស៊ីកូ ដែល Chicxulub បានបង្កឡើងនោះ គឺមានវិសាលភាព ១៧០គីឡូម៉ែត្រ និងជម្រៅរហូតដល់ទៅ ២០គីឡូម៉ែត្រឯណោះ។

ជុំវិញសោកនាដកម្មខាងលើនេះ យើងអាចដឹងត្រឹមថា អាចម៍ផ្កាយ Chicxulub មានមុខកាត់ពីចន្លោះ ១១-៨១គីឡូម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែតាំងពីដើមរៀងមក ប្រភពរបស់វាមិនត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវរកឃើញនោះឡើយ។ តើវាអាចមកពីក្រៅប្រព័ន្ធព្រះអាទិត្យ, មកពីតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteriod Belt) ឬមកពីតំបន់ខ្សែក្រវាត់ព្រំដែន នៃប្រព័ន្ធព្រះអាទិត្យ (Kuiper Belt)?

ដើម្បីឆ្លើយសំនួរដែលគ្រប់គ្នាងឿងឆ្ងល់ អស់រាប់ទសវត្សរ៍ខាងលើនេះ ក្រុមអ្នកជំនាញមកសាកលវិទ្យាល័យ ហាវើដ (Harvard) សហរដ្ឋអាមេរិក បានធ្វើការសិក្សារួមគ្នា ហើយពួកគេក៏ធ្វើការវិភាគរកមូលហេតុថា តើហេតុអ្វីបានជាកម្ទេចកម្ទីអវកាសដ៏ធំបែបនេះ អាចបញ្ចប់ផ្លូវធ្វើដំណើររបស់វា ដោយធ្លាក់មកលើភពផែនដីរបស់យើង ហើយបំផ្លាញជីវិតរហូតដល់ទៅជាង ៧០%នោះ? ប្រការនេះយើងត្រូវងាកទៅមើលបងធំរបស់យើង នោះគឺភពព្រហស្បតិ៍ (Jupiter) ដែលកម្លាំងទំនាញដ៏ធំធេងរបស់វា បានស្រូបទាញពពួកផ្កាយដុះកន្ទុយ (comets) ពីតំបន់ខ្សែក្រវាត់នៅចុងប្រព័ន្ធព្រះអាទិត្យ ឲ្យចូលមកក្នុងប្រព័ន្ធព្រះអាទិត្យ ហើយធ្វើដំណើរឆ្លងកាត់ព្រះអាទិត្យផងដែរ។

ផ្កាយដុះកន្ទុយទាំងនោះ ចល័តឆ្លងកាត់ព្រះអាទិត្យ ហើយកម្លាំងទំនាញរបស់តារាដ៏ធំំរបស់យើង បានបំបែកផ្កាយដុះកន្ទុយនោះ ប្រៀបដូចជាប្រព័ន្ធបាញ់កម្ទេចមីស៊ីល។ នៅពេលដែលផ្កាយដុះកន្ទុយទាំងនោះ ត្រូវបានបំបែកហើយ វានឹងក្លាយជាបំណែកជាច្រើន ហើយប្រាកដណាស់ មួយចំនួនអាចមានឱកាស​ហោះមកបុកភពផែនដីតែម្តង។

និស្សិតមួយរូបឈ្មោះ អាមៀរ ស៊ីរ៉ាច (Amir Siraj) នៅសាកលវិទ្យាល័យ Havard បានលើកឡើងថា «ប្រព័ន្ធព្រះអាទិត្យនេះ ដំណើរការប្រៀបដូចជាម៉ាស៊ីន pinball មួយដូច្នោះឯង។ ភពព្រហស្បតិ៍ ដែលជាភពធំបំផុតបានកៀរគរ យកពពួកផ្កាយដុះកន្ទុយមកចូលក្នុងគន្លងវា ហើយបន្ទាប់់មកក៏រុញច្រានពួកវា ឲ្យហោះទៅកៀកនឹងព្រះអាទិត្យ»។ ផ្កាយដុះកន្ទុយយូរយា ត្រូវបានគេគណនាថា អាចចំណាយពេលយ៉ាងហោចណាស់ ២០០ឆ្នាំ ដើម្បីមកគោចរជុំវិញព្រះអាទិត្យ ហើយពួកវាមានប្រភពមកពី តំបន់ពពក អត (Oort cloud) ស្ថិតនៅជាយប្រព័ន្ធព្រះអាទិត្យយើង។

Oort cloud មានចម្ងាយប្រមាណ ២,០០០ ទៅ ១០០,០០០ AU (១ AU = ១៥០លានគីឡូម៉ែត្រ ឬជាការយកគម្លាតរវាងផែនដី និងព្រះអាទិត្យជារង្វាស់ចម្ងាយ)។ ការបំបែកខ្លួននៃផ្កាយដុះកន្ទុយទាំងនោះ ត្រូវបានគេហៅថា sungrazing ឬ ការលេបត្របាក់នៃព្រះអាទិត្យ។

និស្សិត Amir Siraj បានគូសបញ្ជាក់ទៀតថា «វាគឺជាព្រឹត្តិការណ៍ sungrazing ដែលផ្កាយដុះកន្ទុយមួយនៅពេលវាធ្វើដំណើរ កាន់តែកៀកព្រះអាទិត្យ កម្លាំងទំនាញនៃព្រះអាទិត្យ នឹងជះកាន់តែខ្លាំងទៅលើខ្លួនវា។ អ្នកអាចយល់អំពីអ្វីដែលយើងហៅថា ការជះចេញនូវកម្លាំង ទៅលើដុំអាចម៍ផ្កាយដុះកន្ទុយមួយ ដែលអាចឲ្យវាបែកខ្ញែកខ្លួន ទៅជា​បំណែកតូចៗយ៉ាងច្រើន…។ អ្វីដែលសំខាន់ នៅពេលដែលពួកវាធ្វើដំណើរត្រលប់ទៅកាន់បណ្តុំពពក Oort វិញ កម្ទេចកម្ទីទាំងនោះអាចមានឱកាសបុកផែនដី, នេះបើតាមបើតាមរូបមន្តប្រូបាបមួយ»។

 

បន្ថែមពីខាងលើនេះទៀត តារាវិទូល្បីឈ្មោះមួយរូបគឺលោក អេវី លឺប (Avi Loeb) បានបកស្រាយថា «ការសិក្សារបស់យើង គឺជាការផ្តល់មូលដ្ឋានសម្រាប់ការពន្យល់ អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនោះ។ យើងកំពុងសន្និដ្ឋានថា ការពិតទៅប្រសិនបើអ្នក បំបែកវត្ថុអ្វីមួយនៅពេលដែលវា​ទៅកៀកនឹងព្រះអាទិត្យ វាអាចផ្តល់ជាឱកាសផ្សេងទៀត ដូចទៅនឹងការវាយប្រហារ ដែលបានសម្លាប់ពួកដាយណូស័រដូច្នោះឯង»។

គួរបញ្ជាក់ថា ការសិក្សាខាងលើនេះក៏បានចុះផ្សាយនៅក្នុង​របាយការណ៍វិទ្យាសាស្ត្រ Nature’s Scientific Reports ផងដែរ ប៉ុន្តែវាមិនទាន់ជាលទ្ធផលសិក្សា ផ្លូវការនៅឡើយទេ។ យ៉ាងណាក៏ដោយ តំរុយវិជ្ជមានជាច្រើននៅក្នុងតំបន់ពពក Oort Cloud ក្នុងនោះមានដូចជា វត្តមានរបស់អាចម៍ផ្កាយផ្ទុកទៅដោយសារធាតុ ដូចទៅនឹងអាចម៍ផ្កាយ ដែលបានហោះបុកផែនដីកាលពី ៦៦លានឆ្នាំមុន គឺជាសញ្ញាប្រាប់ឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ប្រឹងប្រែងសិក្សាបន្តទៀត៕

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Sky News (ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here