(អាមេរិក)៖ កូនឧទ្ធម្ភាគចក្រដំបូងដែលមានឈ្មោះថា អ៉ីនជែនញូអ៉ីធី (Ingenuity) ទើបតែបានបញ្ជូនសញ្ញាដំបូងរបស់វា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រោយពីមេធំរបស់វាគឺ ភើសេវើរែនស៍ (Perseverance) ត្រូវបានបញ្ជាឲ្យចុះចតដោយជោគជ័យ នៅលើផ្ទៃភពអង្គារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។

សញ្ញារបស់ Ingenuity ត្រូវបានបញ្ចេញពីខ្លួនវា កាលពីវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន) ត្រូវនឹងម៉ោង ៦៖៣០នាទីព្រឹកថ្ងៃសៅរ៍នេះ (ពេលវេលានៅភ្នំពេញ) ដោយសញ្ញានោះត្រូវបានចាប់យក ដោយផ្កាយរណប MRO (Mars Reconnaissance Orbiter) របស់អង្គការ NASA ដែលកំពុងចល័តនៅជុំវិញភពព្រះអង្គារ។

អង្គការ NASA បានបញ្ជាក់ទៀតថា Ingenuity និង Perseverance សុទ្ធតែមានដំណើរការដូចការរំពឹងទុក ប៉ុន្តែកូនឧទ្ធម្ភាគចក្រមួយនេះ នឹងបន្តស្ថិតនៅជាប់ខ្លួនគ្រឿងយន្ត Perseverance សម្រាប់រយៈពេលចាប់ពី ៣០-៦០ថ្ងៃបន្តទៀត រួចទើបក្រុមការងារអង្គារ NASA អាចធ្វើការបញ្ចេញវា ទៅតាមបច្ចេកទេសដែលបានកំណត់។

ជុំវិញព័ត៌មានខាងលើនេះ លោក ធីម ខេនហាំ (Tim Canham) ប្រធានគ្រប់គ្រងប្រតិបត្តិការរបស់ Ingenuity ដែលមានតម្លៃជាង ៨០លានដុល្លារអាមេរិក បានលើកឡើងថា «មានបរិក្ខាចម្បងចំនួនពីរ ដែលយើងបានរង់ចាំទិន្នន័យនោះគឺ ដំណើរការនៃការសាកថ្មដល់ Ingenuity ក៏ដូចជាការបញ្ជាក់ថា ប្រព័ន្ធបញ្ជានៅលើខ្លួនវា អាចដំណើរការដូចការគ្រោងទុក ក្នុងនោះមានដូចជាការបញ្ជាឲ្យម៉ាស៊ីនបិទដំណើរការ និងប្រព័ន្ធដែលត្រូវបញ្ជាឲ្យឧទ្ធម្ភាគចក្រ ហោះទៅដល់រយៈកម្ពស់តាមការចង់បាន។ សរុបមកបរិក្ខាសំខាន់ៗទាំងពីរផ្នែកនេះ សុទ្ធតែបានដំណើរការដោយវិជ្ជមាន…។ នៅថ្ងៃស្អែកនេះ យើងនឹងចាប់ផ្តើមសាកថ្មឲ្យ Ingenuity ហើយ»។

គួរបញ្ជាក់ថា គោលដៅចម្បងនៃការបង្កើត Ingenuity នោះគឺការធ្វើតេស្តគ្រឿងយន្តខ្នាតតូច ដែលអាចហោះហើរក្នុងបរិយាកាសដ៏ស្តើង និងទំនាញដ៏ខ្សោយរបស់ភពព្រះអង្គារ។ Ingenuity នឹងចាប់ផ្តើមធ្វើប្រតិបត្តិការ ដោយការប្រើប្រាស់ជំនាញស្វែងរក វត្ថុគួរឲ្យចាប់អារម្មណ៍នានា នៅលើផ្ទៃភពអង្គារពីរយៈកម្ពស់ទាបៗ និងគូសវាសទីតាំងភូមិសាស្ត្រសំខាន់ៗ ដែលមានប្រយោជន៍ដល់បេសកកម្ម Perseverance និងបេសកកម្មក្រោយៗទៀត៕

ប្រភព៖ Xinhua (ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១)
រូបភាព៖ NASA

LEAVE A REPLY

Please enter your comment!
Please enter your name here