(អាមេរិក)៖ ក្រុមការងារ SpaceX របស់លោក Elon Musk ទើបតែបញ្ឆេះម៉ាស៊ីនរ៉ាប់ទ័រទាំង ០៣គ្រឿង របស់នាវាអវកាសគំរូចុងក្រោយ SN10 ជាលើកដំបូង ដើម្បីត្រួតពិនិត្យដំណើរការរបស់វា ខណៈការធ្វើតេស្តអាចនឹងកើតឡើង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។

ការបញ្ឆេះម៉ាស៊ីនរបស់ SN10 ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ៦៖០៣នាទីល្ងាចថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន) ស្ថិតនៅមូលដ្ឋានបាញ់បង្ហោះរបស់ SpaceX ក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។ បើតាមក្រុមការងារគ្រប់គ្រងបច្ចេកទេសរបស់ SpaceX ដំណើរការនៃម៉ាស៊ីនរ៉ាប់ទ័រទាំង ០៣គ្រឿងខាងលើនេះ មានលក្ខណៈល្អប្រសើរ។

ក្រុមហ៊ុន SpaceX គ្រោងបញ្ជានាវាអវកាសគំរូ SN10 ឲ្យហោះហើរទៅក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រ។ ការធ្វើតេស្តនឹងអាចកើតឡើង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ (ពេលវេលានៅអាមេរិក ដែលអាចត្រូវនឹងពេលទាបភ្លឺថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ពេលវេលានៅកម្ពុជា) ចេញពីមូលដ្ឋានបាញ់បង្ហោះក្នុងរដ្ឋតិចសាស់។

គួរបញ្ជាក់ថា វានឹងក្លាយជាការធ្វើតេស្តហោះហើរ នៅក្នុងរយៈកម្ពស់ខ្ពស់ជាលើកទី ៣ របស់ Starship បន្ទាប់ពីការធ្វើតេស្ត SN8 នៅចុងឆ្នាំ២០២០ និង SN9 កាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុន SpaceX បានមើលឃើញថា ការហោះហើរឡើងលើអាកាសរបស់ SN8 និង SN9 មានលក្ខណៈល្អប្រសើរ ហើយការបញ្ជានាវាអវកាសគំរូទាំងពីរឲ្យងារេចង្កូត និងក្រឡាប់ខ្លួនដើម្បីចុះចតវិញនោះ ក៏មានលក្ខណៈល្អផងដែរ ប៉ុន្តែការទប់ល្បឿននៅកំឡុងពេលចុះចតជិតដល់ដី បានជួបប្រទះបញ្ហាស្រដៀងគ្នា ដែលបានធ្វើឲ្យ Starship គំរូទាំងពីរគ្រឿង ធ្លាក់បុកដីពេញមួយទំហឹង និងផ្ទុះខ្ទេចខ្ទីតែម្តង៕

ប្រភព៖ Space.com (ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១)

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here