(វ៉ាស៉ីនតោន)៖ ខណៈកំពុងស្ថិតក្នុងដំណើរ ឆ្ពោះទៅសិក្សាស្វែងយល់អំពីព្រះអាទិត្យ ជារឿយៗគ្រឿងយន្តស្រាវជ្រាវ ផាកឺ សូឡា (Parker Solar Probe) របស់អង្គការ NASA ក៏បានផ្តិតយករូបភាពអស្ចារ្យនៃភពសុក្រ (Venus) ផងដែរ នៅរាល់ពេលដែលវាហោះឆ្វែល ភពស្ថិតនៅលេខរៀងទី ២ ពីព្រះអាទិត្យមួយនេះម្តងៗ។

Parker Solar Probe ត្រូវបានបញ្ជូនចេញពីផែនដី កាលពីឆ្នាំ២០១៨ ក្រោមគោលដៅសិក្សាស្រាវជ្រាវអំពីព្រះអាទិត្យ និងបកស្រាយអាថ៌កំបាំងមួយចំនួន របស់ដុំបាល់ភ្លើងដ៏ធំអស្ចារ្យនេះ។ អំឡុងរយៈពេល ០៧ឆ្នាំនៃការធ្វើដំណើររបស់វា គ្រឿងយន្ត Parker Solar នឹងខិតទៅជិតព្រះអាទិត្យជាងយានណាៗទាំងអស់ ហើយភពសុក្រគឺជាកូនសោយ៉ាងសំខាន់មួយ ដើម្បីសម្រេចគោលដៅនេះ។

គ្រឿងយន្ត Parker Solar ប្រើប្រាស់កម្លាំងទំនាញរបស់ភពសុក្រ នៅពេលដែលវាហោះឆ្វែលភពនេះ ដើម្បីជួយតម្រង់គន្លងធ្វើដំណើរ ឲ្យកាន់តែកៀកនឹងព្រះអាទិត្យទៅៗ ដោយវាអាចចល័តបានលឿនបំផុត រហូតដល់ទៅ ៦៩២,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ កំឡុងការហោះឆ្វែលភពសុក្រជាលើកទី ៣ គឺកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ Parker Solar បានផ្តិតយករូបភាពអស្ចារ្យមួយ នៃចំហៀងផ្ទៃដែលងងឹត ឬជាផ្នែកពេលយប់របស់ភពសុក្រ ពីរយៈចម្ងាយជាង ១២,០០០គីឡូម៉ែត្រ។

រូបភាពស-ខ្មៅខាងលើនេះត្រូវបានផ្តិតយក ដោយឧបករណ៍កាមេរ៉ា WISPR បំពាក់ជាប់ Parker Solar។ វាបានបង្ហាញឲ្យយើងឃើញពីតំបន់ពពកភ្លឺៗ នៅលើផ្នែកពេលយប់នៃភពសុក្រនោះ ដែលជាពន្លឺបញ្ចេញដោយ អាតូមអុកស៊ីសែន ក្នុងស្រទាប់ខាងលើនេះនៃបរិយាកាស នៅពេលពួកវាធ្វើការប្រមូលផ្តុំគ្នា ដើម្បីបង្កើតចេញជាម៉ូលេគុល នៅផ្នែកពេលយប់នោះ។

ដោយឡែកតំបន់ខ្មៅៗមួយផ្ទាំងធំ ដែលស្ថិតនៅចំកណ្តាលតំបន់ពេលយប់ នៃភពសុក្រនោះគឺមានឈ្មោះថា Aphrodite Terra ដែលជាតំបន់ខ្ពង់រាបធំធេងបំផុតរបស់ភពសុក្រ។ បាតុភូតចម្លែកមួយទៀត គឺចំណុចឆ្នូតៗវែងៗនៅលើរូបថតខាងលើនេះ ដែលមើលទៅហាក់បីដូចជា ត្រូវបានជះចេញពីបរិយាកាសរបស់ភពសុក្រ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនទាន់អាចបកស្រាយឡើយ ព្រោះរូបនេះត្រូវបានថត នៅពេលគ្រឿងយន្ត Solar Parker ហោះនៅក្នុងល្បឿនប្រែប្រួល។

ដោយឡែកកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ Parker Solar ទើបតែបានធ្វើការហោះឆ្វែលភពសុក្រជាលើកទី ៤។ ការហោះឆ្វែលថ្មីនេះ នឹងជួយតម្រង់ឲ្យ Parker Solar ឆ្ពោះទៅហោះក្រឡឹងព្រះអាទិត្យជាលើកទី ៨ និងលើកទី ៩ នៅថ្ងៃទី២៩ ខែមេសា និងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។ ការហោះក្រឡឹងទាំងប៉ុន្មានជុំវិញព្រះអាទិត្យ បាននាំផ្កាយរណប Parker Solar កាន់តែកៀកនឹងផ្កាយរបស់យើងខ្លាំងឡើង ដោយនៅទីបំផុតវានឹងទៅដល់ចម្ងាយតែជិត ១០លានគីឡូម៉ែត្រពីផ្ទៃព្រះអាទិត្យប៉ុណ្ណោះ។

គួរបញ្ជាក់ឡើងវិញថា បេសកកម្ម Parker Solar គឺត្រូវបានបង្កើតឡើង ដើម្បីហោះទៅកៀកព្រះអាទិត្យបំផុតមិនធ្លាប់មាន (៦.៧លានគីឡូម៉ែត្រនៅចុងឆ្នាំ២០២៥) ដើម្បីសិក្សាអំពីស្រទាប់កូរ៉ូណា (Corona) ដែលជាស្រទាប់ក្រៅដ៏កញ្ជ្រោលរបស់ព្រះអាទិត្យ ដែលជារឿយៗតែងតែកើតមានព្យុះព្រះអាទិត្យ (Solar Storm) ឬក៏ជះចេញនូវកំសួលអណ្តាតភ្លើងរាងពងក្រពើ (Coronal Mass Ejection) យ៉ាងធំសម្បើមទៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូលនោះ៕

បកប្រែ និងសម្រួល៖ Cambo Space
ប្រភព៖ NASA (ថ្ងៃអាទិត្យ ២៨ ខែកុម្ភៈ ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here