(បរទេស)៖ ផ្ទាំងទឹកកកដ៏ធំអស្ចារ្យមួយទៀត ដែលមានទំហំរហូតដល់ទៅ ១,២៧០គីឡូម៉ែត្រក្រឡា បានរបេះចេញពីទ្វីបអង់តាក់ទិចហើយ កាលពីចុងខែកុម្ភៈកន្លងទៅថ្មីៗនេះ ដែលវាបានធ្វើឲ្យក្រុមអ្នកអភិរក្សបរិស្ថាន មានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះការប្រែប្រួលអាកាសធាតុភពផែនដី ដែលមិនអាចប្រសើរឡើង ដោយសារតែការរាតត្បាតកូវីដ១៩ នោះឡើយ។

ផ្ទាំងទឹកកកដ៏ធំខាងលើនេះ បានស្ថិតនៅជាប់ភាគឦសានធ្នើទឹកកក ប្រាន់ត៍ (Brunt Ice Shelf) នៃទ្វីបអង់តាក់ទិច ប៉ូលខាងត្បូងភពផែនដី។ វាចាប់ផ្តើមបញ្ចេញស្នាមប្រេះជាលើកដំបូង កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយទីបំផុតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វាក៏របេះចេញជាស្ថាពរតែម្តង ដោយមានទំហំជិតស្មើនឹងប្រទេសសិង្ហបុរី គុណនឹងពីរឯណោះ។

ផ្ទាំងទឹកកកដែលទើបរបេះចេញខាងលើនេះ ត្រូវបានដាក់ឈ្មោះឲ្យថា ណតស៍រីហ្វ (North Rift) ដោយវាគឺជាផ្ទាំងទឹកកកទី ៣ហើយ ដែលបានរបេះចេញពីធ្នើទឹកកក Brunt នៅអំឡុងពេលមួយទសវត្សរ៍ ចុងក្រោយនេះ។ ធ្នើទឹកកក Brunt ដែលមានកម្រាស់រហូតដល់ទៅ ១៥០ម៉ែត្រ តែងតែបានរំកិលទៅកាន់ភាគខាងលិចទ្វីបអង់តាក់ទិច ប្រមាណ ២គីឡូម៉េត្រក្នុងមួយឆ្នាំ។

ជុំវិញបាតុភូតធម្មជាតិខាងលើនេះ សាស្ត្រាចារ្យ អេឌ្រាន ឡាក់មែន (Adrian Luckman) នៃសាកលវិទ្យាល័យ ស្វេនស៊ី (Swansea) ប្រទេសវែលស៍ បានលើកឡើងថា «ទោះបីជាការរបេះចេញនូវផ្នែកធំៗ របស់ធ្នើទឹកកកអង់តាក់ទិក គឺជារឿងធម្មតាអំពីរបៀបដែលវាដំណើរការមែន ក៏ព្រឹត្តិការណ៍ដ៏ធំសម្បើមដូចជាកន្លែងមួយ ដែលត្រូវបានរកឃើញនៅធ្នើទឹកកក Brunt នៅតែជារឿងកម្រ និងគួរឲ្យភ្ញាក់ផ្អើល»។

ធ្នើទឹកកក Brunt គឺជាទីតាំងដែលក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដាក់ស្ថានីយស្រាវជ្រាវមួយមានឈ្មោះថា BAS Halley VI ដើម្បីត្រួតពិនិត្យបរិយាកាសផែនដី និងទីអវកាស។ ទោះជាបែបនេះក្តី ក្រុមជំនាញបានអះអាងថា ទីតាំងរបស់ស្ថានីយមួយនេះ នឹងមិនរងការគំរាមកំហែង ដោយសារតែរបេះចេញមួយផ្នែក នៃផ្ទាំងទឹកកករបស់ Brunt នោះឡើយ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ មូលដ្ឋានស្រាវជ្រាវ BAS ត្រូវបានរើមកកាន់ចំណុច ៣២គីឡូម៉ែត្រឆ្ងាយពីកន្លែងដើម ស្ថិតនៅលើធ្នើទឹកកក Brunt ដដែលវិញ ដើម្បីគេចចេញពីស្នាមប្រេះចំនួនពីរគឺ ខាសិម ១ (Chasm 1) និង ហលឡូវីន ក្រេក (Halloween Crack) ប៉ុន្តែទាំងពីរនេះមិនមានការប្រេះបន្តទៀតឡើយ នៅក្នុងអំឡុងពេល ១៨ខែចុងក្រោយនេះ។ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បាននិងកំពុងប្រើប្រាស់ផ្តាយរណប TerraSAR-X របស់អង្គការ ESA, NASA និងអាល្លឺម៉ង់ ដើម្បីតាមដានមើលបម្រែបម្រួល នៃផ្ទាំងទឹកកកខាងលើនេះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here