(តិចសាស់)៖ នៅទីបំផុតការធ្វើតេស្តនាវាអវកាស SN10 បានបញ្ចប់កាលពីម៉ោង ៦៖៣០នាទីល្ងាចថ្ងៃពុធ (ពេលវេលានៅរដ្ឋតិចសាស់) ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ (ពេលវេលានៅភ្នំពេញ) ដោយទទួលបានជោគជ័យ ប៉ុន្តែនៅក្រោយពេលចុះចតវិញ​តែប៉ុន្មាននាទីប៉ុណ្ណោះ វាក៏បានផ្ទុះឆេះយ៉ាងកញ្ជ្រោលតែម្តង។ មិនទាន់មានការពន្យល់លម្អិត អំពីមូលហេតុចម្បងនៃការផ្ទុះនោះឡើយ ប៉ុន្តែដំណាក់កាលដំបូងត្រូវបានគេដឹងថា អាចបណ្តាលមកពីការលេចធ្លាយសារធាតុមេតាន ដែលជាឥន្ធនៈទ្រទ្រង់ចំហេះ។

នាវាអវកាសគំរូ SN10 ត្រូវបានបញ្ជាឲ្យហោះឡើង ទៅក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រ ហើយនិងបានហោះបង្ហាញសមត្ថភាពផងដែរ រួចទើបវាត្រូវបានបញ្ជាឲ្យចុះចតវិញ។ សកម្មភាពហោះហើរ និងចុះចតមកវិញនេះ បានប្រើប្រាស់ពេលសរុប ៦នាទី និង ២០វិនាទី។ យ៉ាងណាក៏ដោយ នៅរយៈពេល ៨នាទីក្រោយការចុះចត នាវាអវកាស SN10 បានផ្ទុះឆេះយ៉ាងកញ្ជ្រោល។

SN10 ដែលមានកម្ពស់ ៥០ម៉ែត្រត្រូវបានលោក Elon Musk បញ្ជាឲ្យធ្វើការហោះហើរនៅវេលាម៉ោង ៣៖១៤នាទីរសៀលថ្ងៃពុធ ប៉ុន្តែវាត្រូវបានពន្យារពេលទៅដល់ម៉ោង ៦៖០០នាទីល្ងាចវិញ ព្រោះតែបញ្ហាលើការបញ្ឆេះម៉ាស៊ីន ត្រូវបានរកឃើញដោយប្រព័ន្ធកុំព្យូទ័រ នៅលើនាវាអវកាសនោះផ្ទាល់។ ដូច្នេះទើបលោក Musk បានបង្ហោះសារលើ Twitter ឲ្យក្រុមអ្នកគាំទ្រលោករង់ចាំរយៈពេល ៣ម៉ោងតែម្តង។

សរុបសេចក្តីមក SN10 បានទទួលជោគជ័យធំធេងជាងការធ្វើតេស្ត SN8 និង SN9 ដោយសារតែការហោះហើរឡើងទៅលើអាកាស និងការបញ្ជាវាឲ្យចុះចតមកវិញលើទីលាន មានសភាពរលូនដូចការរំពឹងទុក។ នៅក្រោយពេលចុះចត​ ជំនួយការវិស្វកររបស់ SpaceX គឺលោក ចន អ៊ីនស្ព្រាក់កឺ (John Insprucker) បានថ្លែងថា «លើកទីបីនេះ គឺពិតជាស្រស់ស្រាយ ដូចអ្វីដែលបាននិយាយដូច្នោះឯង… យើងបានធ្វើការចុះចតយ៉ាងជោគជ័យ និងរលូននៅលើទីលានចុះចត ដែលរៀបចំឡើងសម្រាប់ការធ្វើតេស្តនាវាអវកាស SN10»។

យ៉ាងណាក៏ដោយ រឿងរ៉ាវនៅមិនទាន់ចប់នោះឡើយ ព្រោះដូចបានបញ្ជាក់ខាងលើនេះហើយថា រយៈពេល ៨នាទីក្រោយការចុះចត អណ្តាតភ្លើងបានចាប់ផ្តើមបង្ហាញខ្លួន ពីផ្នែកខាងក្រោមរបស់នាវា SN10 ហើយនៅទីបំផុត វាក៏ត្រូវបានបញ្ចប់ដោយការផ្ទុះ ចេញជាអណ្តាតភ្លើងយ៉ាងកញ្ជ្រោល។ គ្រប់គ្នាកំពុងរង់ចាំការពន្យល់បន្ថែមពី SpaceX ជុំវិញករណីថ្មីនេះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here