(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភពថ្មីមួយ ដែលកំពុងគោចរនៅជុំវិញតារាក្រហមទំហំមធ្យម (Red Dwarf) មួយដួងមានឈ្មោះថា Gliese 486 ដែលមានចម្ងាយប្រមាណ ២៦.៣ឆ្នាំពន្លឺពីភពផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ស្ថិតនៅក្នុងតំបន់កញ្ចុំផ្កាយ Virgo ហើយបើគិតអំពីរង្វាស់ចម្ងាយក្នុងទីអវកាសនេះ វាអាចត្រូវបានចាត់ទុកថា ជាប្រព័ន្ធផ្កាយដែលស្ថិតនៅជិតៗ ប្រព័ន្ធព្រះអាទិត្យបានផងដែរ។

ភពខាងលើនេះត្រូវបានចាត់ទុកថាជា Super-Earth ដែលតាំងពីដើមមកយើងតែងហៅថា «ផែនដីយក្ស» ជាប្រភេទភពមានទំហំធំជាងភពផែនដីយើង ប៉ុន្តែតូចជាងភពណិបទូន។ វាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ជាប្រភេទភពថ្ម (Rocky Planet) និងមានបរិយាកាសស្រោបជុំវិញផងដែរផងដែរ ហើយសម្រាប់ចម្ងាយតែជាង ២៦ឆ្នាំពន្លឺបែបនេះ ក្រុមអ្នកវិទ្យាសាស្ត្រពិតជាអាចមានឱកាសច្រើន ដើម្បីសិក្សាអំពីបរិយាកាសរបស់វាបាន នៅថ្ងៃអនាគតដ៏ខ្លី។

ភពប្រភេទ Super-Earth ខាងលើនេះត្រូវបានដាក់ឈ្មោះឲ្យថា Gliese 486 b (ហ្គ្លីសេ ៤៨៦ ប៊ី) មានម៉ាស់ធំជាងផែនដីយើង ២.៨ដង និងកម្លាំងទំនាញខ្លាំងជាង ៧០%។ ទោះជាយ៉ាងណា វាមិនមែនជាគោលដៅសម្រាប់មនុស្សលោក ក្នុងការស្រាវជ្រាវអំពីជីវិត ដែលអាចកើតមាននៅទីនោះទេ ព្រោះភព Gliese 486 b មិនស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ឡើយ។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ ភព Gliese 486 b គោចរនៅកៀកផ្កាយរបស់វាខ្លាំង បើធៀបនឹងគម្លាតរវាងផែនដី និងព្រះអាទិត្យយើង ដូច្នេះកម្តៅនៅលើផ្ទៃរបស់វា អាចស្រដៀងនឹងភពសុក្រផងដែរ គឺរហូតដល់ទៅ ៤៣០អង្សាសេឯណោះ ដែលត្រូវបានចាត់ទុកដូចជាឋាននរក។ Gliese 486 b គោចរជុំវិញផ្កាយរបស់វាមួយជុំ ដោយប្រើពេលតែ ១.៥ថ្ងៃប៉ុណ្ណោះ នៃពេលវេលាលើផែនដី។

តារាវិទូមួយរូបមកពីអេស្ប៉ាញគឺលោក Jose Caballero បានលើកឡើង ជុំវិញការរកឃើញខាងលើនេះថា «យើងអាចនិយាយថា ភព Gliese 486 b នឹងក្លាយគោលដៅនៃការសិក្សាអំពីភពផ្សេង យ៉ាងហោចណាស់នៅក្នុងចង្កោម នៃពពួកភពដែលស្រដៀងៗផែនដីយើងបាន»។ គិតត្រឹមដើមឆ្នាំ២០២១នេះ ភពប្រមាណជាង ៤,៣០០ភពហើយ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា កំពុងគោចរជុំវិញផ្កាយនានា នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ។

គួរបញ្ជាក់ថា លទ្ធផលនៃការរកឃើញភពខាងលើនេះ គឺពិតជាពិសេសខ្លាំង ព្រោះវាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីរួចទៅហើយ នៃក្រុមភពដែលអ្នកវិទ្យាសាស្ត្រ ត្រូវធ្វើការអង្កេត និងសិក្សាអំពីបរិយាកាសរបស់វា។ ការអង្កេត និងសិក្សា អំពីបរិយាកាសនៃភពអេលៀននានា នឹងកាន់តែមានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាព ក្រោយការបាញ់បង្ហោះកែវយឺតអវកាស James Webb របស់អង្គការ NASA នៅក្នុងខែតុលា ឆ្នាំ២០២១ (សង្ឃឹមថា មិនមែនការពន្យារពេលទៀតឡើយ)៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១)

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here