(អាមេរិក)៖ អត្ថបទដែលត្រូវបានចុះផ្សាយលើកាសែត Nature Geoscience ជាការរៀបរៀងឡើងដោយអ្នកជំនាញផ្នែកវិទ្យាសាស្ត្របរិស្ថាន និងភពផែនដី លោក Matthew Warke បានអះអាងថា ភពផែនដីរបស់យើងនេះ នឹងមិនអាចទ្រទ្រង់ជីវិតគ្រប់យ៉ាង ក្នុងនោះរួមទាំងពពួកមនុស្ស ឲ្យរស់នៅបានជានិរន្តនោះឡើយ ព្រោះនៅរយៈពេលយ៉ាងហោចណាស់ ១ពាន់លានឆ្នាំទៀត ភពយើងនឹងលែងមានអុកស៊ីសែនគ្រប់គ្រាន់ ហើយជីវិតទាំងអស់នឹងត្រូវរលាយ ឬមិនអាចរស់នៅលើភពនេះបន្តទៀតឡើយ។

ការសិក្សាខាងលើនេះបានគូសបញ្ជាក់ទៀតថា នៅពេលដែលព្រះអាទិត្យយើង មានអាយុកាន់តែចាស់ទៅៗ វានឹងកាន់តែបញ្ចេញពន្លឺខ្លាំងឡើងៗ ហើយប្រការនេះមានន័យថា ផែនដីយើងក៏នឹងត្រូវទទួលរងពន្លឺ-កម្តៅទាំងនោះ​កាន់តែខ្លាំងៗឡើងផងដែរ ដែលវានឹងជំរុញចលនាប្រែប្រួលនៃស្រទាប់ ថ្មបាសាល (basalt) និងក្រានីត (granite) ដែលមានផ្ទុកទៅដោយស៊ីលីខុន (Silicon) និង អុកស៊ីសែន (Oxygen) ជាឧស្ម័នទ្រទ្រង់ជីវិតគ្រប់យ៉ាង ដ៏ចាំបាច់បំផុតនៅលើភពផែនដី។

កម្តៅដែលជំរុញឲ្យប្រភេទស្រទាប់ថ្មខាងលើ បញ្ចេញអុកស៊ីសែនទៅក្នុងបរិយាកាស វានឹងធ្វើឲ្យកាបូនឌីអុកស៊ីត ត្រូវទាញចេញពីបរិយាកាសផែនដី ហើយតាមរយៈប្រតិកម្មគីមីនេះ ពពួករ៉ែកាបូណាតត្រូវបានរក្សាទុក។ នៅក្នុងទ្រឹស្តីនេះ ផែនដីយើងសមតែត្រូវចុះត្រជាក់ ព្រោះតែកម្រិតនៃកាបូនឌីអុកស៊ីតធ្លាក់ចុះ ប៉ុន្តែនៅក្នុងរយៈពេលអំឡុង ២ពាន់លានឆ្នាំទៀត ប្រតិកម្មរបៀបនេះ នឹងលែងកើតមានទៀតហើយ ព្រោះតែកម្តៅដែលចេះតែកើនឡើងពីព្រះអាទិត្យ។

កាបូនឌីអុកស៊ីតបូករួមជាមួយទឹក គឺជាធាតុផ្សំមួយ ក្នុងចំណោមធាតុផ្សំសំខាន់ៗ នៃការធ្វើរស្មីសំយោគ។ នៅពេលដែលកម្រិតកាបូនឌីអុកស៊ីនធ្លាក់ចុះ បរិមាណនៃការធ្វើរស្មីសំយោគ ក៏ចុះថយទៅតាមនោះដែរ ហើយប្រភេទរុក្ខជាតិមួយចំនួន​នឹងត្រូវងាប់ព្រមៗគ្នា។ ការធ្វើរស្មីសំយោគមានតិចតួចនោះមានន័យថា ការផលិតអុកស៊ីសែនមានកាន់តែតិចទៅៗ រហូតដល់កំហាប់អុកស៊ីសែន នៅក្នុងបរិយាកាសផែនដីត្រូវធ្លាក់ចុះ ដែលពេលគ្រោះមហន្តរាយ នឹងកើតឡើងសម្រាប់ជីវិតគ្រប់យ៉ាង។

ប៉ុន្តែតើពេលណាឲ្យប្រាកដ ទើបជីវិតទាំងអស់បូករួមទាំងមនុស្ស ត្រូវរលំរលាយ ឬមិនអាចរស់នៅលើផែនដីទៀតបាននោះ? ដើម្បីឆ្លើយនូវសំនួរដ៏ប្រថុយប្រថាននេះ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន និងអាមេរិក បានប្រើប្រាស់ការវិភាគ ដោយប្រើប្រាស់ការពិសោធន៍តាមកម្មវិធីកុំព្យុទ័រ (computer simulations)។ ការពិសោធន៍នេះអាចឲ្យយើងឃើញ នូវដំណើរវិវត្តន៍នៃសារធាតុកាបូន អុកស៊ីសែន ផូស្វ័រ និងស៊ុលផួនៅលើផ្ទៃផែនដី​សម្រាប់អនាគតរាប់ពាន់លានឆ្នាំទៅមុខ។ ការពិសោធន៍តាមកម្មវិធីកុំព្យូទ័រ ក៏អាចឲ្យយើងឃើញនូវបម្រែបម្រួលបរិយាកាស និងរបៀបដែលផ្ទៃផែនដី (មានដូចជាសំបក, មហាសមុទ្រនានា និងបរិយាកាស) ធ្វើអន្តរកម្មជាមួយស្រទាប់រឹង (mantle ឬស្រទាប់ទី២) របស់ផែនដីផងដែរ។

ការពិសោធន៍តាមគំរូម៉ូដែលកុំព្យូទ័រខាងលើនេះ គឺបានប្រើប្រាស់សេណារីយ៉ូចំនួនពីរនោះគឺទី ១ ភពដូចផែនដីដែលមាន ជីវមណ្ឌល (biosphere) បែបសកម្ម និងទី ២ ភពដូចផែនដីដែលគ្មានជីវមណ្ឌលបែបសកម្ម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ លទ្ធផលនៃការពិសោធន៍ទាំងពីរគំរូនេះ បានចេញមកស្រដៀងគ្នា នោះគឺកម្រិតកំហាប់អុកស៊ីសែន នឹងធ្លាក់ចុះយ៉ាងគំហុក រហូតលែងអាចទ្រទ្រង់ជីវិតទាំងអស់បាន នៅក្នុងរយៈពេល ១ពាន់លានឆ្នាំទៀត។

ការសិក្សាខាងលើនេះ ក៏បានលើកឡើងផងដែរថា ការធ្លាក់ចុះនៃកម្រិតកាបូនឌីអុកស៊ីត និងរស្មីសំយោគរវាងរុក្ខជាតិ គឺពិតជាប៉ះពាល់ទៅដល់កម្រិតនៃអុកស៊ីសែន នៅក្នុងបរិយាកាសផែនដី ហើយបើឥទ្ធិពលបែបនេះនៅតែបន្ត មិនត្រឹមតែស្រទាប់លើរបស់ផែនដី ត្រូវរងផលប៉ះពាល់ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែស្រទាប់ក្នុងដូចជា mantle ដូចបានបញ្ជាក់ខាងលើនេះ ក៏នឹងត្រូវរងផលប៉ះពាល់ផងដែរ។

សរុបឲ្យខ្លីមក វាគឺជាការរក្សាតុល្យភាពរវាងផ្នែកភូមិសាស្ត្រ ដែលប្រភេទថ្មនានា បានចូលទៅកាន់ស្រទាប់រឹង mantle របស់ផែនដីតាមរយៈចលនាផ្លាស់ប្តូរមួយ ហៅថា subduction (ដូចក្នុងរូបភាពពន្យល់ខាងក្រោម) ហើយឧស្ម័ននានាពីស្រទាប់នោះ អាចជះចេញមកក្រៅវិញតាមរយៈបន្ទុះភ្នំភ្លើង។ ដូច្នេះការប៉ះពាល់ដល់ស្រទាប់ទាំងពីរគឺសំបក និង mantle ពិតណាស់ថា នឹងធ្វើឲ្យភាពសំបូរហូរហៀរនៃអុកស៊ីសែនក្នុងបរិយាកាសផែនដី មិនអាចរក្សាបាននោះឡើយ។ អ្នកវិទ្យាសាស្ត្របានកំណត់តួលេខច្បាស់មួយថា យ៉ាងហោចណាស់ ១.០៨ពាន់លានឆ្នាំទៀត ភពផែនដីនឹងលែងមាន​អុកស៊ីសែនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ជីវិតនានាទៀតហើយ។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ អុកស៊ីសែនបានចាប់ផ្តើមបង្កើនបរិមាណយ៉ាងកកុញ នៅក្នុងបរិយាកាសផែនដីយើងនេះ កាលពី ២.៥ពាន់លានឆ្នាំមុន ប៉ុន្តែអំឡុងព្រឹត្តិការណ៍អុកស៊ីតកម្មដ៏ធំមួយ ផែនដីបានធ្លាក់ចុះកម្រិតអុកស៊ីសែនយ៉ាងខ្លាំងបំផុតជាប្រវត្តិសាស្ត្រ រហូតដល់កម្រិតអុកស៊ីសែនត្រូវបានស្តារ មកនៅប្រហាក់ប្រហែលដូចសព្វថ្ងៃនេះ ចាប់តាំងពីប្រមាណ ៤០០លានឆ្នាំមុន ដែលជាពេលចាប់ផ្តើមនៃដំណើរវិវត្តន៍របស់រុក្ខជាតិនានានៅលើគោក។

គួរបញ្ជាក់ថា ការបញ្ចប់់នៃវត្តមានអុកស៊ីសែន គឺមានន័យយ៉ាងខ្លីថា ផែនដីមិនអាចឲ្យជីវិតរស់នៅទៀតបាន។ ទោះបីជាលទ្ធផលសិក្សាខាងលើនេះ នៅមានការជជែកដោលគ្នានៅឡើយក្តី ក៏បញ្ហាបរិស្ថានចម្បងៗរាល់ថ្ងៃនេះ អាចជាឧទាហរណ៍គាំទ្រដល់ការសិក្សានេះរួចទៅហើយ។ យ៉ាងណាក៏ដោយ ក្រុមអ្នកសិក្សាខាងលើនេះ បានគណនារឿងមួយផ្សេងទៀតថា ភាពដែលអាចទ្រទ្រង់ជីវិតនៃភពផែនដី មុនពេលដែលទឹកបាត់វត្តមាន​អស់រលីងតែម្តងចេញពីផ្ទៃស្រទាប់លើនោះ គឺនៅពេលផែនដីមានអាយុ ៧.២ពាន់លានឆ្នាំ (បច្ចុប្បន្នផែនដីមានអាយុ ៤.៦ពាន់លានឆ្នាំ)៕

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here