(បរទេស)៖ ទីភ្នាក់ងារអវកាសរុស្ស៉ី នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការចុះកិច្ចព្រមព្រៀង សហការគ្នាជាមួយទីភ្នាក់ងារអវកាសរដ្ឋចិន ដើម្បីរៀបចំបង្កើតស្ថានីយស្រាវជ្រាវអន្តរជាតិនៅឋានព្រះច័ន្ទ (International Lunar Research Station ឬ ILRS) ហើយវានឹងចាប់ផ្តើមដំណើរការ ស្របជាមួយបេសកកម្មឆាងអឺ (Chang’e) របស់ចាប់ពីអំឡុងទសវត្សរ៍ ២០២០នេះ ដល់អំឡុងទសវត្សរ៍ ២០៣០។

ទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូស្មូស (Roscosmos) បានបញ្ជាក់ដូច្នេះថា «ស្ថានីយវិទ្យាសាស្រ្តអន្តរជាតិនៅឋានព្រះច័ន្ទនោះ នឹងជាមូលដ្ឋានពិសោធន៍ និងស្រាវជ្រាវ ដែលសាងសង់ឡើងនៅលើផ្ទៃព្រះច័ន្ទផ្ទាល់ ឬនៅគន្លងគោចររបស់ព្រះច័ន្ទ ឬមួយក៏អាចនៅលើផ្ទៃព្រះច័ន្ទផង និងនៅលើគន្លងអវកាសជុំវិញព្រះច័ន្ទផង»។ កិច្ចព្រមព្រៀងអភិវឌ្ឍស្ថានីយនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី និងប្រធានទីភ្នាក់ងារអវកាសចិន CNSA កំឡុងកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ។

បើតាមទីភ្នាក់ងារ Roscosmos ប្រទេសរុស្ស៉ី និងចិននឹងបង្កើតផែនទីចង្អុលបង្ហាញមួយ សម្រាប់ការអភិវឌ្ឍស្ថានីយខាងលើ ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធលើការគ្រោងរៀបចំការរចនា និងការអនុវត្តវា ហើយបង្ហាញគម្រោងនេះជូនដល់សហគមន៍អវកាសអន្តរជាតិ ដោយបើកចំហផងដែរ។ បេសកកម្ម Chang’e ៦, ៧ និង ៨ នឹងក្លាយជាការចាប់ផ្តើមគោលរបស់ផែនការ ILRS ដែលចិន និងរុស្ស៊ីកំពុងកៀរគរឲ្យអន្តរជាតិចូលរួម។

កាលពីអំឡុងឆ្នាំ២០១៩ រុស្ស៊ីក៏ធ្លាប់បានប្រកាសម្តងរួចមកហើយ អំពីគំរោងសាងសង់អគារស្នាក់នៅ និងពិសោធន៍នៅលើផ្ទៃព្រះច័ន្ទនៅទសវត្សរ៍ ២០៤០ ដោយការប្រើប្រាស់ធនធានលើព្រះច័ន្ទជាចម្បង។ ដោយឡែកសម្រាប់អង្គការ NASA របស់អាមេរិកវិញ ក៏កំពុងអភិវឌ្ឍគំរោង Artemis របស់ខ្លួនទៅមុខជាបណ្តើរៗផងដែរ តាមរយៈការត្រៀមបញ្ជូនមនុស្ស ទៅជាន់ដីព្រះច័ន្ទជាថ្មីនៅឆ្នាំ២០២៤ ព្រមទាំងរៀបចំបោះមូលដ្ឋានស្នាក់នៅ និងពិសោធន៍នៅទីនោះតែម្តង នៅប៉ុន្មានឆ្នាំបន្ទាប់៕

ប្រភព៖ Space News (ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១)

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here