(បរទេស)៖ ផ្កាយ K2-138 មានចម្ងាយ ៧៩២ឆ្នាំពន្លឺពីភពផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦១ទ្រីលានគីឡូម៉ែត្រ) ស្ថិតនៅក្នុងកញ្ចុំផ្កា អាក្វារៀស (Aquarius) ត្រូវបានក្រុមតារាវិទូរកឃើញថា មានភពរហូតដល់ទៅ ០៦ឯណោះ កំពុងគោចរនៅជុំវិញវា។ ផ្កាយនេះមានឈ្មោះផ្សេងទៀតថា 2MASS J23154776-1050590 ឬ EPIC 245950175 ផងដែរ ដែលជាប្រភេទតារាតូចជាងព្រះអាទិត្យយើងបន្តិច និងមានពន្លឺស្រទន់ជាងផងដែរ។

កាលពីឆ្នាំ២០១៨ ក្រុមតារាវិទូឯកជន និងក្រុមតារាវិទូអន្តរជាតិ បានសហការគ្នាសិក្សាទៅលើទិន្នន័យ បានមកពីបេសកកម្ម K2 របស់កែវយឺតអវកាស ខេប្លឺ (Kepler) នៃអង្គការ NASA ដោយពីដំបូងឡើយភពចំនួន ០៥ប៉ុណ្ណោះត្រូវបានរកឃើញនោះគឺ K2-138b, c, d, e និង f កំពុងគោចរនៅជុំវិញផ្កាយ K2-138។

ក្នុងចំណោមភពទាំង ០៥ នោះមានតែមួយប៉ុណ្ណោះគឺ K2-138b ជាប្រភេទភពថ្ម (rocky planet) ខណៈភព ០៤ទៀតគឺ K2-138c, d, e, និង f ទំនងជាភពដែលស្រោបដោយឧស្ម័ន និងទឹកកក។ ភពទាំង ០៥ នេះត្រូវបានគេដឹងថា សុទ្ធតែមានទំហំស្ថិតនៅចន្លោះទំហំរវាងភពផែនដី និងភពណិបទូន ឬដែលយើងតែងហៅថា Super-Earth នោះ។

ភពនីមួយៗមានថេរវេលាគោចរជុំវិញផ្កាយវា ឆាប់រហ័សដូចៗគ្នាតែម្តង នោះគឺភពដែលស្ថិតនៅកៀកជាងគេ គោចរជុំវិញផ្កាយវាមួយជុំ ដោយប្រើពេលតែ ២.៣ថ្ងៃប៉ុណ្ណោះនៃពេលវេលាលើផែនដី ខណៈភពស្ថិតនៅឆ្ងាយបំផុតប្រើពេល ៨.២៦ថ្ងៃនៃពេលវេលាលើផែនដី ដើម្បីគោចរបានមួយជុំ។ សម្រាប់គន្លងគោចរនៃភពទាំង ០៥នេះ គឺមានលក្ខណៈស្មុគស្មាញបន្តិច ឬជាពាក្យបច្ចេកទេសហៅថា concentric circles ដែលមិនដូចគន្លងគោចរតាមលំដាប់លំដោយ នៃភពនានាក្នុងប្រព័ន្ធព្រះអាទិត្យយើងឡើយ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមតារាវិទូខាងលើនេះ ទើបតែបានរកឃើញសញ្ញានៃការបិទបាំងពន្លឺចំនួន ២លើក ស្ថិតនៅក្នុងគម្លាតជិត ៤២ថ្ងៃពីគ្នា ដែលប្រការនេះមានន័យថា ភពទី ៦ បានបង្ហាញវត្តមានហើយនៅជុំវិញផ្កាយ K2-138 ហើយក៏ជាភពដែលស្ថិតនៅឆ្ងាយជាងគេផងដែរ ក្នុងចំណោមភពសរុបចំនួន ០៦ នៃតារានេះ។

គួរបញ្ជាក់ថា ក្រុមតារាវិទូបានប្រើប្រាស់កែវយឺតអវកាស ស្ពីតហ្សឺ (Spitzer) របស់អង្គការ NASA ដែលមានបំពាក់កាមេរ៉ាប្រើប្រាស់ពន្លឺ Infared ដើម្បីរកឃើញភព ១ទៀតខាងលើនេះ។ វាត្រូវបានដាក់ឈ្មោះថា K2-138 g មានប្រវែងកាំស្មើនឹង ៣.៤ដងនៃកាំផែនដី និងគោចរជុំវិញផ្កាយវាមួយជុំ ដោយប្រើប្រាស់ពេលជិត ៤២ថ្ងៃនៃពេលវេលាលើផែនដី។ ប្រព័ន្ធផ្កាយ K2-138 ពិតជាមានប្រយោជន៍ណាស់ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រទៅថ្ងៃអនាគត ក្នុងការសិក្សាស្រាវជ្រាវអំពីបរិស្ថាននៅក្នុងប្រព័ន្ធនោះ និងបរិយាកាសនៃភពទាំង ០៦ របស់វាផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Scie-news, Astronomical Journal (ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១)

 

LEAVE A REPLY

Please enter your comment!
Please enter your name here