(ឡុងដ៍)៖ សំនួរនេះពិតជាអស្ចារ្យខ្លាំងណាស់ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រអាចឆ្លើយដូចៗគ្នាថា «យើងមិនទាន់ដឹងចម្លើយ ពិតប្រាកដនោះឡើយ»។ សម្រាប់អ្នកមិនទាន់ដឹងរឿងនេះ អ្នកវិទ្យាសាស្ត្រអាចឆ្លើយឲ្យងាយយល់ថា យើងមិនទាន់រកឃើញអេលៀន (Aliens) ណាមួយនៅឡើយទេ ដូច្នេះយើងមិនទាន់អាចសួរសំនួរទៅពួកគេ ឬក៏ទទួលការឆ្លើយតបពីពួកគេវិញបាននោះឡើយ។

សម្រាប់សំនួរថា តើពួកគេចង់ទាក់ទងយើង ឬមួយក៏អត់នោះ យើងត្រូវសួរសំនួរមួយថ្មីវិញថា តើ Aliens ពិតជាមានមែនឬទេ? តាមពិតទៅបើចង់ឆ្លើយសំនួរបែបនេះ គឺយើងត្រូវសន្មត់ថា Aliens ពិតជាមែន ហើយប្រាកដណាស់ដោយសារតែមនុស្សលោកយើង មិនទាន់អាចរកពួកគេឃើញនោះ យើងក៏មិនទាន់អាចដឹងថា ពួកគេពិតជាចង់រកយើង ដូចយើងកំពុងតាមស្វែងរកពួកគេដែរ ឬមួយក៏យ៉ាងណានោះឡើយ។

វាអាចទៅរួចថា Aliens ប្រហែលជាមានមែន ដោយយោងទៅលើហេតុផលធម្មតាមួយនោះគឺ «យើងក៏មានវត្តមានដែរ ឬ we exist»។ អ្វីៗដែលបានបង្កើតឲ្យមានបាក់តេរីតូចៗ រហូតក្លាយជាទៅជាសារពាង្គកាយដ៏ស្មុគស្មាញ ជាមួយខួរក្បាលដ៏វៃឆ្លាតនៅលើផែនដីនេះ ក៏អាចកើតមានឡើងនៅភពផ្សេងៗទៀតដែរ។

ដំណើរប្រែប្រួល (transformation) បានចាប់ផ្តើមកើតមានឡើង នៅលើភពផែនដីនេះមួយរំពេចកាលពី ៧០០លានឆ្នាំមុន។ វាគឺនៅពេលដែលភពផែនដី មានអាយុជិត ៤ពាន់លានឆ្នាំទៅហើយ ហើយក៏បានក្លាយជាជម្រក នៃជីវិតក្នុងទម្រង់ធម្មតាៗដូចជា បាក់តេរី (bacteria) នៅក្នុងរយៈពេលដ៏យូរ។ ហេតុអ្វីបានជាវា មិនកើតឡើងឲ្យឆាប់រហ័សជាងនេះ? ហើយតើអ្វីទៅដែលបានបង្កឲ្យវាកើតឡើង? ប្រសិនបើយើងមិនទាន់អាចឆ្លើយសំនួរទាំងនេះបានទេ យើងពិតជាមិនអាចប្រាប់បានទេថា តើជីវិតដូចនៅលើផែនដី អាចកើតមានឡើងនៅកន្លែងផ្សេងទៀត ដោយរបៀបណា។

ប្រសិនបើភពដទៃណាមួយពិតជាមាន Aliens មែន នោះពួកគេប្រាកដជាកំពុងរកវិធីទាក់ទងយើង មិនខុសពីយើងកំពុងរកវិធី ដើម្បីស្វែងរកពួកគេនោះឡើយ។ ហេតុផលសាមញ្ញមួយចំនួន ដែលមនុស្សលោកយើងប្រឹងប្រែង រិះរកវិធីស្វែងរក Aliens នោះគឺយើងគ្រាន់តែចង់ដឹងថា តើពួកគេមានពិតមែនឬទេ, ពួកគេមានរូបរាងដូចម្តេច ហើយថាតើទំនាក់ទំនងរវាងមនុស្ស និង Aliens នឹងត្រូវប្រកបដោយលក្ខណៈដូចម្តេចជាដើម។

ការចង់ចេះចង់ដឹង គឺជាកម្លាំងមួយដ៏មានឥទ្ធិពល ដែលអាចដឹកនាំយើងទម្លុះសំណាញ់មេឃ ហើយហោះហើរទៅរកអ្វីថ្មីៗ។ ដោយហេតុនេះហើយ ទើបយើងបានអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ, ជាមូលហេតុដែលយើងអាចប្រើ video call ជាមួយមិត្តភក្តិ ពីផ្នែកផ្សេងៗនៃភពផែនដីយើង ហើយយើងក៏អាចស្រាវជ្រាវទៅកាន់ទីអវកាស។ ពួក Aliens ក៏ប្រហែលជាចង់ឃើញយើងដូចគ្នា។

ប៉ុន្តែវាមិនមែនមានតែហេតុផល ដូចខាងលើនេះឡើយ។ មនុស្សលោកយើង ពេលខ្លះក៏ចង់ស្វែងរកជំនួយ ឬបង្កើតមិត្តភាពផងដែរ។ ដូច្នេះប្រហែលជាពួក Aliens ទាំងនោះ ក៏ចង់បានដូចគ្នា, ពួកគេប្រហែលជាចង់មករកយើង ដោយសារចង់បានជំនួយ ឬក៏បង្កើតមិត្តភាពក៏ថាបាន។ ពួកគេក៏ប្រហែលជាចាប់អារម្មណ៍ ចំពោះភពរបស់យើងដែរ។ ផែនដីមានលក្ខខណ្ឌអំណោយផលយ៉ាងប្រសើរបំផុត ចំពោះជីវិតទាំងឡាយ។ ពួក Aliens ទាំងនោះប្រហែលជាត្រូវការទីជម្រកថ្មី ប្រសិនបើពួកគេកំពុងជួបបញ្ហាដូចជា បម្រែបម្រួលអាកាសធាតុ, សង្គ្រាមនុយក្លេអ៊ែរ និងការវាយប្រហារដោយអាចម៍ផ្កាយ ដ៏ធំមហិមាជាដើម ដែលសុទ្ធតែអាចជំរុញឲ្យពួកគេ ចាកចេញពីភពកំណើតរបស់ពួកគេបាន។

ប៉ុន្តែ… វាក៏អាចទៅរួចផងដែរថា ពួកគេមិនមែនកំពុងស្វែងរក ការចងមិត្តភាពនោះឡើយ។ បើតាមប្រវត្តិសាស្ត្រលើភពផែនដីនេះផ្ទាល់ មនុស្សជាតិខ្លួនឯងធ្លាប់ប្រព្រឹត្តអំពើសាហាវឃោឃៅ ជាច្រើនរួចទៅហើយ នៅពេលកុលសម្ព័ន្ធ ឬប្រទេសដ៏មានឥទ្ធិពលមួយចំនួន បានធ្វើដំណើរទៅកាន់ទឹកដីណាផ្សេងទៀត ហើយចង់ទន្ទ្រានដើម្បីគ្រប់គ្រងទីនោះ។ មនុស្សគឺត្រូវបានចាត់ចូលជាអំបូរមំសាសី ដែលស៊ីសាច់ជាអាហារ។ ដូច្នេះពពួក Aliens ក៏អាចមានសារជាតិមិនខុសពីមនុស្សនោះដែរ។

សរុបសេចក្តីមក អ្វីៗដូចបានរៀបរាប់ខាងលើនេះ គឺសុទ្ធតែជាហេតុផលដែលអាចទៅរួច ដែលពពួក Aliens ទំនងជាចង់ស្វែងរកយើង។ ចុះមានមូលហេតុអ្វីផ្សេងទៀតទេ? ប្រការនេះយើងអាចគិតបែបនេះវិញថា ពួក Aliens ប្រហែលបានរកឃើញយើងរួចទៅហើយ ប៉ុន្តែពួកគេបានសិក្សា និងឈ្វេងយល់ច្បាស់ថា មនុស្សលោកគួរឲ្យធុញ, ពិបាកក្នុងយល់គ្នា, ក្មេងខ្ចីពេកដែលពិបាកសម្របនឹងពួកគេ ឬក៏ពិភពលោករបស់មនុស្សយើងនេះ ងាយប្រឈមមុខនឹងជំងឺឆ្លងជាដើម។

 

កិច្ចសន្ទនាឆ្លងកាត់លំហអវកាស និងការធ្វើដំណើរពីប្រព័ន្ធផ្កាយមួយ ទៅប្រព័ន្ធផ្កាយមួយទៀត នឹងត្រូវប្រើរយៈពេលដ៏យូរ ស្ទើរតែមិនបាច់គណនា ដូច្នេះពពួក Aliens ខ្លះប្រហែលជាគិតថា យើងមិនគួរឲ្យចាប់អារម្មណ៍ ដែលសក្តិសមឲ្យពួកគេចាកចេញពីភពកំណើត ដើម្បីមករកយើងនោះឡើយ។ ដូចក្រុមអ្នកវិទ្យាសាស្ត្រខ្លះ ធ្លាប់បានលើកឡើងរួចទៅហើយថា មនុស្សលោកយើងមិនទាន់មានអរិយធម៌ រីកចំរើនដល់កម្រិតមួយ ដែលអាចទាក់ទាញពួក Aliens ឲ្យមករកយើងនោះឡើយ ដូច្នេះមនុស្សលោកយើងមានតែប្រឹងប្រែង​ស្វែងរកពួកគេវិញ ហើយឆាប់ៗខាងមុខនេះ យើងប្រហែលជាអាចរកឃើញ ភពក្នុងប្រព័ន្ធផ្កាយណាមួយនៅក្បែរៗប្រព័ន្ធព្រះអាទិត្យយើង ដែលអាចមានជីវិត Aliens កំពុងរស់នៅផងក៏បាន៕

 

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ The Conversation, space.com (ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១)

 

LEAVE A REPLY

Please enter your comment!
Please enter your name here