(អាមេរិក)៖ នាវាអវកាសគំរូ SN11 ត្រូវបានសារ៉េដាក់លើទីលាន តាំងតែពីថ្ងៃទី០៧ ខែមីនាមកម្ល៉េះ គឺបន្ទាប់នាវាអវកាស SN10 បានធ្វើតេស្តហោះហើរ និងចុះចតវិញដោយជោគជ័យ ប៉ុន្តែបានផ្ទុះឆេះខ្ទេចខ្ទី នៅក្នុងរយៈពេលតែ ៨នាទីប៉ុណ្ណោះបន្ទាប់ពីការត្រេកអរនៃក្រុមអ្នកទស្សនា ចំពោះការចុះចតដ៏រលូនរបស់វា។

យ៉ាងណាក៏ដោយការបង្ហាញខ្លួននៃ SN11 មកទល់ពេលនេះ គឺមានរយៈពេល ១០ថ្ងៃទៅហើយ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះលោក អ៊ីឡុន ម៉ាសក៍ (Elon Musk) បានបង្ហោះសារនៅលើគណនី Twitter លោកថា SN11 បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីធ្វើការហោះហើរចេញពីមូលដ្ឋាន បូកា ឈីកា (Boca Chica) របស់ក្រុមហ៊ុន SpaceX ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រនៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។

 

ជាទម្លាប់គឺលោក Elon Musk កម្រនឹងបញ្ជាក់ពីពេលវេលាជាក់លាក់ នៃការធ្វើតេស្តណាស់ អាចថារហូតដល់សល់ប៉ុន្មានម៉ោងចុងក្រោយ ទើបសេចក្តីប្រកាសត្រូវធ្វើឡើង។ ដូចកាលពីការធ្វើតេស្ត SN10 លោក Elon Musk បានបង្ហោះព័ត៌មានអំពីពេលវេលាជាក់លាក់នៃការធ្វើតេស្ត តែប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងវាកើតឡើង ប៉ុន្តែដោយសារបញ្ហាបច្ចេកទេសលើ SN10 ទើបលោកបានបង្ហោះជូនដំណឹង អំពីការពន្យារពេលបីម៉ោងទៀត។

សម្រាប់ការធ្វើតេស្ត SN11 ក៏នឹងមិនខុសគ្នានោះដែរ។ កាលពីថ្ងៃអង្គារលោក Elon Musk បង្ហោះសារលើ Twitter លោកយ៉ាងដូច្នេះថា «នាវាអវកាស SN11 ត្រៀមខ្លួនរួចរាល់ហើយ»។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ SpaceX ក៏បានប្រកាសអំពីការធ្វើតេស្ត «យានអវកាសជំនាន់ថ្មី» របស់ខ្លួន ដែលមិនធ្លាប់មានទៅក្នុងគន្លងគោចរនៃភពផែនដីផងដែរ នៅក្នុងខែកក្កដា ឆ្នាំ២០២១ នេះតែម្តង។

សម្រាប់ការធ្វើតេស្តបញ្ឆេះម៉ាស៊ីនកម្តៅខ្លួនឲ្យ SN11 ត្រូវបានកំណត់ឲ្យធ្វើឡើងនៅថ្ងៃពុធ ទី១៧ ខែមីនា (ពេលវេលានៅតិចសាស់) ប៉ុន្តែគេនៅមិនទាន់ដឹងថា វាដំណើរការទៅជាយ៉ាងណាឡើយ។ ជាទម្លាប់មុននឹងត្រូវធ្វើតេស្តហោះហើរជាក់ស្តែង ក្រុមជំនាញរបស់ SpaceX ត្រូវការត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីននៅពីក្រោមនាវានោះសិន និងប្រព័ន្ធកុំព្យូទ័រនៅលើនាវាផងដែរ។

គួរបញ្ជាក់ថា មហាសេដ្ឋីអាមេរិកលោក Elon Musk នៅតែបន្តធ្វើតាមការប្តេជ្ញា និងមហិច្ឆតាឥតងាករេរបស់លោក នោះគឺការនាំមនុស្សជិះនាវាអវកាស Starship ទៅធ្វើការហោះកម្សាន្តនៅជុំវិញព្រះច័ន្ទ នាអំឡុងឆ្នាំ២០២៣ និងបញ្ចូនយានដឹកមនុស្សដំបូងទៅកាន់ភពព្រះអង្គារ យ៉ាងឆាប់បំផុតនៅឆ្នាំ២០២៤។

មហិច្ឆតារបស់ SpaceX គឺផលិតនាវាអវកាស Starship ឲ្យបាន ១០០គ្រឿងក្នុងមួយឆ្នាំ ហើយក្នុងនាវាមួយគ្រឿងៗ អាចផ្ទុកមនុស្សបាន ១០០នាក់។ លោក Elon Musk ចង់បង្កើតទីក្រុងលើភពអង្គារ ដែលមានមនុស្សរស់នៅរហូតដល់ទី ១លាននាក់នៅឆ្នាំ២០៥០ ហើយរឿងពិតជាបាន និងកំពុងទាក់ទាញមនុស្សកាន់តែច្រើនឡើងៗ ជាពិសេសយុវវ័យនៅលើផែនដី ឲ្យតាមដានដំណើរការអភិវឌ្ឍរបស់ SpaceX មិនឲ្យផុតពីក្រសែភ្នែកនោះឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Independent (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here