(កាលីហ្វ័រញ៉ា)៖ អង្គការ NASA ទើបតែបង្ហើបឲ្យដឹងថា កូនឧទ្ធម្ភាគចក្រ អ៉ីនជែនញូអ៉ីធី (Ingenuity) ដែលកំពុងត្រៀមខ្លួនផ្តាច់ចេញពីយាន ភើសេវើរិនស៍ (Perseverance) នោះ មានផ្ទុកបំណែកតូចមួយនៃយន្តហោះដំបូងរបស់ Wright brothers ដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។

អង្គការ NASA ក៏បានកំណត់ផងដែរថា ឧទ្ធម្ភាគចក្រ Ingenuity នឹងអាចធ្វើការហោះហើរ ទៅក្នុងបរិយាកាសនៃភពអង្គារ នៅក្នុងថ្ងៃទី០៨ ខែមេសា ខាងមុខនេះ។ Ingenuity មានផ្ទុកនូវបំណែកដ៏តូចមួយ នៃស្លាបរបស់យន្តហោះ Flyer 1 ដែលបានធ្វើការហោះហើរ ក្នុងនាមជាយន្តហោះដើរដោយថាមពល ជាលើកដំបូងនៅលើភពផែនដី កាលពីខែធ្នូ ឆ្នាំ១៩០៣។

លោក បុប បាឡារ៉ាម (Bob Balaram) ប្រធានវិស្វករគ្រប់គ្រងបេសកកម្ម Ingenuity នៃមន្ទីរពិសោធន៍ JPL របស់អង្គការ NASA បានលើកឡើងថា «របស់ដែលអាចហោះហើរលើអាកាសរបស់ Wright brothers គឺជាវិមាត្រសម្រាប់យើង ធ្វើការហោះហើរលើភពផែនដីនេះបាន។ នៅក្នុងមធ្យោបាយដូចគ្នានេះ យើងក៏មានសង្ឃឹមថា Ingenuity ក៏អាចអនុញ្ញាតឲ្យយើងធ្វើការចល័ត នៅក្នុងផ្ទៃអាកាសភពអង្គារផងដែរ»។

គួរបញ្ជាក់ថា បំណែកតូចប៉ុនតែមប្រៃសណីយ៍ បានមកពីយន្តហោះ Flyer 1 របស់ Wright brothers ជាជនជាតិអាមេរិកពីររូប ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រ ត្រូវបានដាក់ភ្ជាប់ជាមួយ ស្លាបស្រូបពន្លឺព្រះអាទិត្យរបស់ Ingenuity។ កូនឧទ្ធម្ភាគចក្រ Ingenuity មានទម្ងន់សរុប ១.៨គីឡូក្រាម នឹងក្លាយជាឧបករណ៍ដំបូងបំផុត សម្រាប់ការហោះហើរក្នុងបរិយាកាសដ៏ស្តើងរបស់ភពអង្គារ នៅថ្ងៃទី០៨ ខែមេសា៕

ប្រភព៖ Space (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here