(អាមេរិក)៖ គ្រឿងយន្តអវកាសប្រមាញ់ភព ដែលយើងគ្រប់គ្នាស្គាល់ថា TESS បានបំពេញបេសកកម្មក្នុងទីអវកាស អស់រយៈពេល ០២ឆ្នាំ ហើយជាលទ្ធផលគួរឲ្យមានមោទនភាពនោះ គឺវាបានរកឃើញបេក្ខភាពភពចំនួន ២,២៤១ ឯណោះនៅក្នុងកាឡាក់ស៊ីមាលគីវេយ៍ (Milky Way) ឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសិក្សាបន្ត ដើម្បីបញ្ជាក់អំពីវត្តមានពិប្រាកដ និងបុគ្គលិកលក្ខណៈនៃភពទាំងនោះ។

កែវយឺតអវកាស TESS ដែលមានឈ្មោះពេញថា ផ្កាយរណបស្ទាបស្ទង់រកភពឆ្លងកាត់ផ្កាយ (Transiting Exoplanet Survey Satellite) ត្រូវបានបាញ់បង្ហោះកាលពីខែមេសា ឆ្នាំ២០១៨ ដោយវាត្រូវបង្កើតឡើង ឲ្យអាចធ្វើប្រតិបត្តិការរយៈពេល ០២ឆ្នាំ ដើម្បីអង្កេតទៅក្នុងផ្ទៃមេឃយ៉ាងស៊ីជម្រៅ។ បើតាមអង្គការ NASA ជារៀងរាល់ខែ TESS តែងតែបញ្ជូនសញ្ញាសង្ស័យ នៃភពឆ្លងកាត់ផ្កាយ មកកាន់ក្រុមការងារលើផែនដី ហេតុដូច្នេះទើបទិន្នន័យថ្មីៗអំពី​បេក្ខភាពភពរាប់ពាន់ដូចខាងលើនេះ ត្រូវបានកត់ត្រាជាបន្តបន្ទាប់ សម្រាប់រយៈពេល ០២ឆ្នាំមកនេះ។

របៀបដែលកែវយឺតអវកាស TESS អង្កេតរកមើលភព នៅក្នុងប្រព័ន្ធផ្កាយនីមួយៗនោះ គឺមិនសូវខុសពីអ្វីដែលកែវយឺតអវកាស Kepler បានធ្វើនោះឡើយ។ TESS តែងតែតម្រង់កញ្ចក់កែវយឺតរបស់វា សំដៅទៅរកប្រព័ន្ធផ្កាយមួយដើម្បីស្វែងរក​សញ្ញានៃការបាំងពន្លឺឆ្លងកាត់ផ្កាយនោះ។ ដំណើរការបែបនេះហើយបានជួយឲ្យ ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាបានកាន់តែលម្អិត ទៅលើបេក្ខភាពភព ដែលកែវយឺតអវកាស TESS រកឃើញនៅក្នុងអំឡុងពេល ០២ឆ្នាំមកនេះ។

អ្នកដឹកនាំការស្រាវជ្រាវមួយរូបគឺលោក ណាថាលៀ ហ្គែរ៉េរ៉ូ (Natalia Guerrero) មកពីវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ Massachusetts សហរដ្ឋអាមេរិកបានលើកឡើងថា «អ្វីដែលគួរឲ្យរំភើបបំផុតនោះ គឺការសម្លឹងមើលទៅលើបញ្ជីនៃភពនានា ដែលកែវយឺតអវកាស TESS បានប្រមូលយកមក ដែលមានភពជាង ២,០០០នៅក្នុងនោះ»។

ដើម្បីបង្កើតបញ្ជីរាយនាមថ្មី ក្រុមអ្នកវិទ្យាមានគ្នាជាង ១០នាក់ បានធ្វើការអង្កេតយ៉ាងលម្អិត ទៅលើគោលដៅចំនួនជាង ១៦,០០០ (ផ្កាយ) ដើម្បីស្វែងរកភពនៅក្នុងតំបន់ទាំងនោះ ហើយនៅទីបំផុតពួកគេបានរកឃើញ បេក្ខភាពថ្មីៗដែលអាចជាភពអេលៀនសរុប ២,២៤១ភព។

* ហេតុអ្វីបានជាក្រុមអ្នកវិទ្យាសាស្ត្រប្រើពាក្យថា «បេក្ខភាពភព ឬ Planet Candidates»?

ការប្រើពាក្យកំណត់សម្គាល់បែបនេះមានន័យថា ពួកវាទាំង ២,២៤១ នោះគឺស្ថិតនៅក្នុងការសង្ស័យកម្រិតខ្ពស់ថា ជាភពប៉ុណ្ណោះ ដោយមិនទាន់ត្រូវបានរាប់បញ្ចូល ទៅក្នុងបញ្ជីភពផ្លូវការ​ដូចដែលកែវយឺតអវកាសមុនបានរកឃើញ និងត្រូវបានកំណត់ច្បាស់លាស់ អំពីវត្តមាននោះឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា វាអាចជាបាតុភូតអវកាសនៅក្នុងប្រព័ន្ធផ្កាយនោះ ដែលនាំឲ្យកែវយឺតអវកាស TESS ចាប់បានសញ្ញាវា មើលទៅហាក់បីដូចជាមានភពឆ្លងកាត់ ឬក៏អាចជាសញ្ញាញាក់បង្ករលក (quirk) ចេញពី TESS ផ្ទាល់ក៏ថាបានដែរ។

កែវយឺតអវកាស TESS បានរកឃើញទាំងភពជាក់លាក់ផង និងភពស្ថិតក្នុងការរង់ចាំបញ្ជាក់វត្តមានផង។ បើតាមទិន្នន័យពីអង្គការ NASA កែវយឺតអវកាស TESS បានរកឃើញភពថ្មីៗសរុបចំនួន ៦៦ភព និងបេក្ខភាពភព ២,២៤១ភព។ រំលឹកអំពីភពដ៏ល្បីល្បាញមួយដែល TESS បានរកឃើញដំបូង និងបញ្ជាក់វត្តមានជាផ្លូវការ នោះគឺ TOI 700 d ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ធំជាងផែនដីយើងបន្តិច និងមានបរិយាកាសក្រាស់ព្រោះវាស្ថិតនៅក្នុង​តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone)។

សរុបសេចក្តីមក TESS នៅតែអាចដំណើរការបាន ទោះបីជាបេសកកម្មរបស់វា សម្រេចទៅតាមគោលដៅ ដូចការគ្រោងទុករួចទៅហើយក្តី។ អង្គការ NASA បានសម្រេចបន្ថែមបេសកកម្មឲ្យ TESS រហូតដល់ខែកញ្ញា ឆ្នាំ២០២២ ហើយក្រុមអ្នកវិទ្យាសាស្ត្រខាងលើ នឹងបន្តសិក្សាវែកញែកលើទិន្នន័យ ដែលត្រូវបានរកឃើញដោយ TESS ក្នុងរយៈពេលពីរឆ្នាំមកនេះ ជាពិសេសបេក្ខភាពទាំង ២,២៤១ នោះតែម្តង៕

បកប្រែ និងសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here