(បរទេស)៖ រូបភាពដំបូងជាប្រវត្តិសាស្ត្រ នៃប្រហោងខ្មៅមហាយក្សមួយ (Super Massive Black Hole) ដែលស្ថិតនៅក្នុងកាឡាក់ស៊ី M87 មានចម្ងាយជិត ៥៥លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) កាលពីថ្មីៗនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការដំឡើងគុណភាពបន្ថែម (Update) ឲ្យកាន់តែប្រសើរជាងមុន បន្ទាប់ពីបានបញ្ចេញរូបភាពវាជាលើកដំបូង កាលពីឆ្នាំម២០១៩។

រូបភាពថ្មីនៅឆ្នាំ២០២១ (EHT)

រូបភាពថ្មីក្រោយអាប់ដេតនេះ អាចឲ្យយើងឃើញកាន់តែច្បាស់ អំពីចលនានៃកម្ទេចកម្ទីរ ធូលី និងឧស្ម័នអវកាស ដែលប្រហោងខ្មៅមហាយក្ស M87 បានស្រូបកម្ទេច ស្ថិតនៅជារង្វង់ឆ្នូតៗព័ទ្ធជុំវិញមាត់ច្រកនៃពេលវេលា (Event Horizon) របស់វាតែម្តង។ ដើម្បីផ្តិតយករូបភាព និងប្រមូលផ្តុំទិន្នន័យសំខាន់ៗបាន រួចបង្កើតចេញទៅជារូបភាពដំបូងកាលពីឆ្នាំ២០១៩ និងរូបភាពអាប់ដេតថ្មី នៅក្នុងឆ្នាំ២០២១នេះ ក្រុមតារាវិទូត្រូវការការអង្កេតមើលទិន្នន័យយ៉ាងលម្អិត បានមកពីបណ្តាញតេឡេស្កូបយក្ស EHT ដែលត្រូវបានដាក់់ពង្រាយ ពាសពេញទីតាំងសំខាន់ៗនៃភពផែនដី។

ក្រុមតារាវិទូបានបន្តអង្កេតមើលរលកពន្លឺ Polarized Light ដែលនៅព័ទ្ធជុំវិញប្រហោងខ្មៅ M87 ដើម្បីស្វែងយល់អំពីទម្រង់របស់វា ព្រមទាំងកម្រិតដែលពន្លឺនោះអាចឆ្លងកាត់ ឧបករណ៍តេឡេស្កូបចាប់យកពន្លឺ ពីលើភពផែនដី។ ការស្វែងយល់អំពីកម្រិតពន្លឺ Polarized Light បានយ៉ាងលម្អិតនេះហើយ ទើបរូបភាពថ្មីរបស់ M87 ត្រូវបានដំឡើងឲ្យមានគុណភាពខ្ពស់ និងច្បាស់ជាងកាលពីឆ្នាំ២០១៩។

រូបភាពចាស់កាលពីឆ្នាំ២០១៩ (EHT)

ជុំវិញលទ្ធផលថ្មីនេះ អ្នកនាង ម៉ូនីកា មូស្គីប្រូដស្កា (Monika Moscibrodzka) អ្នកសម្របសម្រួលនៃក្រុមតាមដានកម្រិតពន្លឺរបស់ EHT មកពីសាកលវិទ្យាល័យ Radboud ប្រទេសហូឡង់ បានលើកឡើងថា «រូបភាពថ្មីក្នុងឆ្នាំ២០២១ នេះក៏បានបង្ហាញផងដែរថា ចលនានៃដែនម៉ាញេទិចរបស់ M87 ពិតជាខ្លាំងក្លាណាស់។ នេះជាលើកដំបូងបំផុតហើយ ដែលក្រុមតារាវិទូអាចមានលទ្ធភាពគណនា ទៅលើខ្សែបន្ទាត់ឆ្វាត់ឆ្វែងនៅកៀកនឹងមាត់ច្រក នៃប្រហោងខ្មៅបែបនេះ។ វាមិនត្រឹមតែជារូបភាពថ្មី ដែលធ្វើឲ្យយើងសម្លឹងមើលវា​ដោយភាពអស្ចារ្យនោះឡើយ ប៉ុន្តែរូបភាពថ្មីនេះ គឺជាការបង្ហាញកាន់តែច្បាស់ ចំពោះព័ត៌មានអំពីសន្ទុះកំសួល (jets) ដ៏ខ្លាំងក្លាបំផុត ដែលបាញ់ចេញពីបេះដូងប្រហោងខ្មៅ M87»។

បើតាមអ្នកនាង Monika រូបភាពថ្មីរបស់ប្រហោងខ្មៅយក្ស​នៅក្នុងកាឡាក់ស៊ី M87 ពិតជាការបោះជំហានថ្មីមួយ ទៅរកការសិក្សាបន្ថែមទៀត អំពីចលនានៃឧស្ម័ននៅជុំវិញប្រហោងខ្មៅ ដែលធ្វើឲ្យប្រហោងខ្មៅរីកធំធាត់ ហើយអាចបាញ់ចេញនូវកំសួលឧស្មី និងកម្ទេចកម្ទីរធូលី (jets) ពីខ្លួនវាយ៉ាងកម្រោលនោះបាន។ ការអង្កេតរកមើលវង្វង់ពន្លឺ Polarized Light នៅជុំវិញប្រហោងខ្មៅ M87 គឺតម្រូវឲ្យបណ្តាញតេឡេស្កូប EHT ប្រើប្រាស់វិធីសាស្ត្រមិនខុសពីមនុស្សមួយចំនួន ប្រើប្រាស់វ៉ែនតាខ្មៅការពារពន្លឺថ្ងៃនោះឡើយ។

កាលពីដើមឆ្នាំ២០២០កន្លងទៅ លទ្ធផលអង្កេតមួយបានបង្ហាញថា កំសួលឧស្ម័ន និងកម្ទេចធូលី (Jets) ដែលបាញ់ចេញមកពីប្រហោងខ្មៅមហាយក្ស M87 កំពុងតែចល័តក្នុងល្បឿនស្មើនឹង ៩៩ភាគរយនៃល្បឿនពន្លឺ (ល្បឿនពន្លឺ = ៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។ តាមរយៈការវិភាគទៅលើទិន្នន័យ​នៃកែវយឺតអវកាស ចាន់ត្រា (Chandra X-Ray) បានបង្ហាញថា ឧស្ម័ន និងធូលីអវកាស ដែលត្រូវបានបាញ់ចេញពីប្រហោងខ្មៅយក្ស M87 នោះហាក់មានល្បឿនលឿនខ្លាំង ស្ទើរតែស្មើនឹងល្បឿនពន្លឺ។

សម្រាប់រូបភាពពិតប្រាកដលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រហោងខ្មៅ ត្រូវបានបង្ហាញដោយអ្នកវិទ្យាសាស្រ្ត កាលពីខែមេសា ឆ្នាំ២០១៩ ក្រោយអ្នកវិទ្យាសាស្រ្តបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីខិតខំប្រឹងប្រែងផលិតរូបភាពនោះ តាមរយៈការប្រើប្រាស់បណ្តាញ តេឡេស្កូបដ៏ធំសម្បើមហៅថា Event Horizon Telescope ឬ EHT ហើយរូបភាពប្រហោងខ្មៅយក្សរបស់កាឡាក់ស៊ី M87 បានជាប់ជារបកគំហើញផ្នែកអវកាស ដែលអស្ចារ្យជាងគេកាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា កាឡាក់ស៊ី M87 ឬ Messier 87 មានចម្ងាយជាក់លាក់់ប្រមាណ ៥៣.៤៩លានឆ្នាំពន្លឺពីភពផែនដី ហើយអង្កត់ផ្សិតរបស់វាវិញ​គឺមានប្រវែងរហូតដល់ ២៤០,០០០ឆ្នាំពន្លឺឯណោះ ដែលវាស្មើហ្នឹងអង្កត់ផ្តិតរបស់កាឡាក់ស៊ី Milky Way របស់យើងគុណហ្នឹងពីរ។ សម្រាប់ប្រហោងខ្មៅមហាយក្សនៅក្នុងកាឡាក់ស៊ី M87 មួយនេះ គឺមានម៉ាសធំជាងព្រះអាទិត្យយើងរហូតដល់ ៦.៥ពាន់លានដង។ ព្រឹត្តិការណ៍រង្វាន់អន្តរជាតិផ្នែកវិទ្យាសាស្រ្ត Breakthrough Prize ឆ្នាំ២០១៩ បានប្រគល់ទឹកប្រាក់ចំនួន ០៣លានដុល្លារឲ្យក្រុមកាងារ EHT ដែលត្រូវបានយកទៅបែងចែកដោយស្មើភាពគ្នា សម្រាប់អ្នកវិទ្យាសាស្រ្តសរុបជិត ៣៥០នាក់ ដែលបានចូលរួមចំណែកបង្កើតសមិទ្ធផលរូបភាពដំបូងរបស់ M87៕

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ space.com (ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here