(តិចសាស់)៖ មហាសេដ្ឋីអាមេរិក និងជាម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហោះសារលើ Twitter លោកថា ការធ្វើតេស្តនាវាអវកាសគំរូ SN11 នឹងព្យាយាមប្រព្រឹត្តទៅជាថ្មីទៀត នៅចន្លោះម៉ោង ១៖០០នាទីរសៀល ដល់ម៉ោង ៦៖០០នាទីល្ងាចថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ (ពេលវេលានៅរដ្ឋតិចសាស់) ឬចាប់ពីវេលាម៉ោង ១៖០០នាទីរំលងអធ្រាត្រ ដលម៉ោង ៦៖០០នាទីព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ (ពេលវេលានៅប្រទេសកម្ពុជា)។

ក្រុមហ៊ុន​ SpaceX ធ្លាប់បានបញ្ឆេះសាកល្បងនូវគ្រាប់រ៉ុក្កែត របស់នាវាអវកាសគំរូ SN11 ហើយនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ (ត្រូវនឹងយប់ថ្ងៃសុក្រសប្តាហ៍មុន ម៉ោងនៅភ្នំពេញ) ប៉ុន្តែការប៉ុនប៉ងធ្វើតេស្ត ត្រូវបានផ្អាកទៅវិញ។ ការហោះហើរនឹងត្រូវធ្វើឡើងចេញពីមូលដ្ឋាន បូកា ឈីកា (Boca Chica) របស់ក្រុមហ៊ុន SpaceX ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រនៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។ នាវាអវកាស SN11 អាចនឹងត្រូវបញ្ជាឲ្យហោះឡើង នៅក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រ។

លោក Musk ហាក់បង្ហាញភាពប្រយ័ត្នប្រយែងជាងលើកមុនៗ តាមរយៈការបង្ហោះសារយ៉ាងដូច្នេះថា «យើងកំពុងធ្វើគ្រប់យ៉ាង ដើម្បីចុះចត និងរក្សារូបរាងពេញលេញ»។ ក្រោយការត្រួតពិនិត្យ និងតេស្តម៉ាស៊ីនកាលពីថ្ងៃទី២៦ ខែមីនា អ្វីៗគ្រប់យ៉ាងបានដំណើរទៅយ៉ាងល្អ ប៉ុន្តែ SpaceX មិនបានធ្វើតេស្តហោះហើរ SN11 នៅគ្រានោះឡើយ ព្រោះខ្លួនត្រូវការពេលបន្ថែម ដើម្បីត្រួតពិនិត្យខ្លួននាវាអវកាសនេះ ឲ្យបានម៉ត់ចត់បំផុត។

យ៉ាងណាក៏ដោយ វាមិនខុសពីរាល់ដងនោះទេ ព្រោះការសម្រេចចិត្តអាចនឹងត្រូវផ្លាស់ប្តូរនៅវិនាទីចុងក្រោយ ប៉ុន្តែសម្រាប់ប្រទេសនានាទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរ អាចធ្វើការទស្សនាតាមរយៈការ Live នៅក្នុងគណនី YouTube របស់ SpaceX ដូចរាល់ដងបាន ឬក៏ចូលទៅកាន់វែបសាយ space.com ប្រសិនបើការធ្វើតេស្តហោះហើរ ពិតជាត្រូវធ្វើឡើងមែន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here