(អាមេរិក)៖ ភពឧស្ម័នយក្សមួយ ដែលមានម៉ាស់ប្រហាក់ប្រហែលនឹងម៉ាស់ នៃភពព្រហស្បតិ៍ (Jupiter) របស់យើង ត្រូវបានក្រុមតារាវិទូអង្កេតដឹងថា មានវត្តមាននៅជុំវិញផ្កាយ អ៊ែបស៊ីឡូន អេរីដានឌី (Epsilon Eridandi) តាំងតែពីអំឡុងខែសីហា ឆ្នាំ២០០០មកម្ល៉េះ តាមរយៈទិន្នន័យពីកែវយឺតអវកាស Hubble។ ប៉ុន្តែព័ត៌មានលម្អិតរបស់វា នៅតែបន្តស្ថិតក្នុងការប្រមែប្រមូល រហូតដល់វត្តមានរបស់វា ត្រូវបានបញ្ជាក់ជាផ្លូវការតែម្តង នៅក្នុងឆ្នាំ២០០៧។

Epsilon Eridandi ស្ថិតក្នុងកញ្ចុំផ្កាយ អេរីដាណឹស (Eridanus) ត្រូវបានចាត់ទុកជាតារាវ័យក្មេងមួយដួង ដែលមានអាយុកាលទើបតែ ៨០០លានឆ្នាំប៉ុណ្ណោះ (អាយុប៉ុណ្ណឹងគឺពិតជាក្មេង បើធៀបនឹងផ្កាយនានា ដែលមានអាយុរាប់ពាន់លានឆ្នាំឡើងទៅ) និងមានចម្ងាយ ១០.៥ឆ្នាំពន្លឺពីភពផែនដីរបស់យើងនេះ។ គេក៏ឃើញមានបន្ទះឌីសធូលី នៅតែព័ទ្ធជុំវិញតារានោះដែរ ដោយមានចម្ងាយរហូតដល់ទៅ ២០ពាន់លានម៉ៃល៍ (ជិត ៣៥ពាន់លានគីឡូម៉ែត្រ) ពីវាឯណោះ។

ភពឧស្ម័នយក្សខាងលើនេះមានឈ្មោះថា Epsilon Eridandi b ដែលជាភពតែមួយគត់ត្រូវបានរកឃើញ នៅជុំវិញផ្កាយ Epsilon Eridandi ដោយវាគោចរមួយជុំផ្កាយនេះក្នុងរយៈពេល ២,៦៩២ថ្ងៃ នៃពេលវេលាលើផែនដីយើង។ Epsilon Eridandi b គោចរក្នុងគម្លាតប្រមាណ ៥០០លានគីឡូម៉ែត្រពីផ្កាយមេរបស់វា។

សម្រាប់សំនួរថាតើភព Epsilon Eridandi b អាចមានជីវិតកកើតនៅទីនោះដែរ ឬអត់? ចម្លើយយ៉ាងខ្លី គឺមិនអាចនោះឡើយ ព្រោះវាជាភពឧស្ម័នយក្ស និងមិនស្ថិតក្នុងគន្លងគោចរ ដែលត្រឹមត្រូវ (Habitable Zone) នោះឡើយ។ ប៉ុន្តែប្រសិនបើមានព្រះច័ន្ទណាមួយ ដែលគោចរជុំវិញភព Epsilon Eridandi b នោះវាអាចមានឱកាស ក្នុងការកកើតជីវិតបាន នៅក្នុងលក្ខណៈដែលព្រះច័ន្ទនោះ មានទំហំគ្រប់គ្រាន់ដែលអាចបង្កើតបរិយាកាស រក្សាវត្តមានទឹក និងដែនម៉ាញេទិច ដើម្បីការពាររលកវិទ្យុសកម្មពីផ្កាយ និងភពដែលវាកំពុងគោចរជុំវិញនោះបាន។

កាលពីឆ្នាំ២០១៧ ធ្លាប់មានការសង្ស័យថា អាចមានភពចំនួនពីរទៀត ស្ថិតនៅគោចរជុំវិញផ្កាយ Epsilon Eridandi នោះគឺ Epsilon Eridandi c និង d ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៩ ក្រុមតារាវិទូនៅតែមិនទាន់អាចរកឃើញនោះឡើយ។ ដូច្នេះបច្ចុប្បន្ន នៅជុំវិញផ្កាយដែលមានអាយុ ៨០០លានឆ្នាំមួយដួងនេះ មានតែភពមួយប៉ុណ្ណោះគឺ Epsilon Eridandi b ដែលកំពុងគោចរជុំវិញវា៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ អង្គការ NASA (ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here