(អាមេរិក)៖ គ្រប់គ្នាហាក់កំពុងចាប់អារម្មណ៍ខ្លាំងនឹងយាន ភើសេវើរិនស៍ (Perseverance) ដែលត្រូវជាកូនពៅ ប៉ុន្តែសម្រាប់យាន ឃារីយ៉ូស៊ីធី (Curiosity) ដែលបាននិងកំពុងដំណើរការលើភពអង្គារជិត ១០ឆ្នាំ (ពេលវេលាលើផែនដី) ទៅហើយនោះ អ្វីៗគ្រប់យ៉ាងក្នុងខ្លួនវា នៅតែអាចដំណើរការបានដដែល។ ជាពិសេសកាលពីពេលថ្មីៗនេះ Curiosity ទើបតែបានថតរូបជាលក្ខណៈស៊ែលហ្វី (Selfie) នៅក្បែរផ្ទាំងថ្មមួយមានឈ្មោះថា ម៉ុនត៍ ម៉ូឃ្យូ (Mont Mercou) រួចបញ្ជូនមកកាន់ភពផែនដីវិញ។

តួនាទីរបស់ Curiosity កន្លងមកនេះ គឺជាការស្វែងយល់អំពីអតីតកាល ជាពិសេសវត្តមានទឹកនៅលើភពអង្គារ និងថាតើភពនេះធ្លាប់ទ្រង់ទ្រង់ជីវិត នៅក្នុងទម្រង់ណាមួយដែរឬទេកាលពីអតីតកាល និងអាចឲ្យជីវិតរស់នៅ បានដែរឬទេសម្រាប់ថ្ងៃអនាគតនោះ។ Curiosity បានចុះចតនៅក្នុងរណ្តៅយក្ស ហ្គែល (Gale Crater) ស្ថិតនៅជិតតំបន់អេក្វាទ័រភពអង្គារ កាលពីខែសីហា ឆ្នាំ២០១២។

 

សម្រាប់ផ្ទាំងថ្មដែល Curiosity ទើបថត selfie ជាមួយនេះ គឺស្ថិតនៅជម្រាលភ្នំ សាព (Mount Sharp) ដែលយានកង់ ០៦នេះបានព្យាយាមវាឡើង តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ។ Curiosity អាចចល័តក្នុងល្បឿនចាប់ពី ២៥ ១០០ម៉ែត្រប៉ុណ្ណោះនៅក្នុង១ម៉ោង ខណៈគ្រឿងយន្ត Perseverance វិញគឺអាចចល័តរហូតដល់ល្បឿន ១៥២ម៉ែត្រឯណោះក្នុង១ម៉ោង។

គួរបញ្ជាក់ថា ផ្ទាំងថ្ម Mont Mercou នៅលើភពអង្គារនោះ ត្រូវបានដាក់ឈ្មោះទៅតាមភ្នំមួយ នៅក្នុងប្រទេសបារាំង។ Mont Mercou មានកម្ពស់ ៦ម៉ែត្រ ដែលយើងអាចឃើញនៅក្នុងផ្នែកខាងស្តាំងនៃរូបភាព ដែលយាន Curiosity បានថត selfie។ អង្គការ NASA បានបញ្ជាកាមេរ៉ា Mastcam នៅលើយាន Curiosity ដើម្បីផ្តិតយករូបភាពសរុប ១១សន្លឹកនៅក្បែរផ្ទាំងថ្ម Mont Mercou កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងបញ្ចេញវាជាសាធារណនៅថ្ងៃទី៣០ ខែមីនា៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/JPL, space.com (ថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here