(អាមេរិក)៖ ក្រុមតារាវិទូអន្តរជាតិបានព្យាយាមស្រាវជ្រាវ ស្ទើរគ្រប់ជ្រុងនៃកាឡាក់ស៊ីមាលគីវេយ៍ (Milky Way) របស់យើងនេះ ដើម្បីស្វែងរកទីតាំងមួយដ៏ល្អប្រសើរ (សុវត្ថិភាពបំផុត) ដែលអនុញ្ញាតឲ្យជីវិតអាចកកើត និងបន្តពូជពង្សបានយូរអង្វែង ហើយឥឡូវនេះវាហាក់ដូចជា មានតំរុយដ៏ល្អប្រសើរមួយហើយ។

របកគំហើញថ្មីខាងលើនេះត្រូវបានបង្កើតឡើងដោយ​តារាវិទូជនជាតិអ៊ីតាលីមួយក្រុម ដែលបានធ្វើការសិក្សាស្រាវជ្រាវរកទីតាំងនានា ដែលការផ្ទុះបញ្ចេញកាំរស្មីខូស្មិចដ៏ធំ និងខ្លាំងក្លា អាចបំផ្លាញជីវិតដែលមានវត្តលើភព ក្នុងតំបន់ទាំងនោះ។ ការផ្ទុះដូចជា ស៊ូពើណូវ៉ា (supernova) និង ហ្គាម៉ារ៉េយ៍ (gamma-ray) គឺជាការបញ្ចេញនូវភាគល្អិតប្រកបដោយថាមពលខ្ពស់ និងធាតុវិទ្យុសកម្ម ដែលអាចបំផ្លាញជីវិត និង DNA។ បើយោងតាមមធ្យោបាយ នៃការសិក្សាខាងលើនេះ ក្រុមតារាវិទូក៏អាចឈានទៅកំណត់តំបន់ ដែលមានសុវត្ថិភាពបំផុតផងដែរ នោះគឺជាតំបន់ទាំងឡាយណា ដែលមិនងាយរងបន្ទុះ supernova និង gamma-ray។

តារាវិទូមួយរូបឈ្មោះ រីកខាដូ ស្ពីនណែលលី (Riccardo Spinelli) មកពីសាកលវិទ្យាល័យ អ៊ីនស៊ូប្រីយ៉ា (Insubria) ប្រទេសអ៊ីតាលីបានលើកឡើងថា «ការផ្ទុះបញ្ចេញកាំរស្មីខូស្មិចដ៏មានឥទ្ធិពល គឺមិនមែនជារឿងល្អនោះឡើយ សម្រាប់វត្តមាននៃជីវិត ដូចដែលអតីតកាលរបស់វាបានបង្ហាញប្រាប់យើង…។ ព្រឹត្តិការណ៍ទាំងនេះ បានដើរតួនាទីជាចម្បង ក្នុងការបំផ្លាញជីវិតនានាដែលអាចកើតមាន នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ»។

១៖ តំបន់មានសុវត្ថិភាពបំផុត នៅក្នុងកាឡាកស៊ី (Galactic Goldilocks zone)

កត្តាច្រើនណាស់ ដែលអាចពន្យល់អំពីភាពដែលអាចទ្រទ្រង់ជីវិត នៅលើភពមួយ។ ជាឧទាហរណ៍ ភពទាំងនោះត្រូវស្ថិតនៅក្នុងតំបន់ជង្រុកមាស (Goldilocks zone) ជាទីតាំងដែលភពអាចទទួលបានកម្តៅសមរម្យបំផុត ពីដួងតារាដែលពួកវាកំពុងគោចរជុំវិញ (មិនក្តៅពេក និងមិនត្រជាក់ពេក)។ ប្រការនេះគឺត្រឹមត្រូវហើយ ប៉ុន្តែវាជាការនិយាយតែទៅលើ បរិស្ថាននានានៅផ្នែកខាងក្នុងប៉ុណ្ណោះ ខណៈជីវិតដែលកកើតឡើង ក៏ត្រូវប្រយុទ្ធតស៊ូនឹងឥទ្ធិពលពីផ្នែកខាងក្រៅផងដែរ នោះគឺមកពីតំបន់អន្តរជាតិអវកាស (interstellar space)។

ជុំវិញបញ្ហានេះ តារាវិទូអ៊ីតាលី Spinelli បានប្រាប់សារព័ត៌មាន Live Science យ៉ាងដូច្នេះថា «សម្រាប់ភពដែលស្ថិតនៅក្បែរតារាដែលផ្ទុះ នោះប្រាកដណាស់ថាវានឹងត្រូវបំផ្លាញទាំងស្រុង។ សម្រាប់ភពដែលស្ថិតនៅឆ្ងាយបន្តិច គឺជីវិតនៅលើនោះអាចផុតពូជ (ដោយសាររងពន្លឺមរណៈ និងធាតុវិទ្យុសកម្ម)»។

ក្រុមអ្នកវិទ្យាសាស្ត្របានសរសេរលទ្ធផលនៃការសិក្សានេះថា ព្រឹត្តិការណ៍ផ្ទុះបញ្ចេញកាំរស្មី gamma-ray មួយដែលស្ថិតនៅក្បែរប្រព័ន្ធព្រះអាទិត្យយើង បានដើរតួយ៉ាងសំខាន់ នៅក្នុងការធ្វើឲ្យបាត់បង់ជីវិត យ៉ាងកម្រោលលើភពផែនដីកាលពី ៤៥០លានឆ្នាំមុន ដែលជាប្រវត្តិនៃការបាត់បង់ជីវិត ដ៏អាក្រក់បំផុតលំដាប់លេខ ២ នៅក្នុងប្រវត្តិសាស្ត្រ។ ខណៈដែលពួកគេមិនទាន់រកឃើញភស្តុតាងជាក់លាក់ ដើម្បីគាំទ្រការសរសេរបែបនេះនៅឡើយ ក្រុមតារាវិទូបានគិតបែបនេះថា យើងអាចសម្លឹងមើលទៅលើ «ទីតាំងរបស់ផែនដី» នៅក្នុងកាឡាក់ស៊ី Milky Way។

២៖ ការស្វែងរកកន្លែងសុវត្ថិភាពបំផុត (Searching for safety)

តាមការប្រើគំរូនៃការកកើតផ្កាយ និងការវិវត្តន៍របស់វា ក្រុមតារាវិទូបានគណនារកពេលវេលា ដែលតំបន់ជាក់លាក់នានានៃកាឡាក់ស៊ី នឹងត្រូវរងគ្រោះដោយសារតែកាំរស្មីមរណៈ។ នៅពេលដែលកាឡាក់់ស៊ីយើង កកើតឡើងក្នុងតំណាក់កាលដំបូងៗ តំបន់ដែលស្ថិតនៅក្នុងរង្វង់ចម្ងាយប្រមាណ ៣៣,០០០ឆ្នាំពន្លឺពីចំណុចកណ្តាលកាឡាក់ស៊ី គឺពិតជាពោពេញទៅដោយ សកម្មភាពនៃការបង្កើតផ្កាយ ហើយវាពិតជាគ្រោះថ្នាក់់បំផុតដល់ជីវិត។ ក្នុងកំឡុងពេលនោះ គឺកាឡាក់ស៊ីយើងកំពុងតែរងការវាយលុក ដោយការផ្ទុះបញ្ចេញកាំរស្មីខូស្មិចដ៏មានឥទ្ធិពល ប៉ុន្តែតំបន់ដែលស្ថិតនៅឆ្ងាយពីនេះ និងមានចំនួនផ្កាយតិចតួចនោះ គឺអាចរួចផុតពីបរិស្ថានមរណនេះបានខ្លះៗ។

រហូតមកដល់រយៈពេល ៦ពាន់លានឆ្នាំមុន កាឡាក់ស៊ីភាគច្រើនក្នុងចក្រវាលនេះ បានចាប់ផ្តើមធូរស្បើយជាធម្មតា ពីការផ្ទុះធំៗជាប្រចាំ។ នៅពេលដែលកាឡាក់ស៊ីអាយុកាន់តែច្រើន ការផ្ទុះដ៏ធំមហិមាដូចជា supernova និង gamma-ray ក៏កាន់តែមានតិច។ បច្ចុប្បន្ននេះតំបន់មួយ ដែលស្ថិតនៅជារង្វង់ជុំវិញចំណុចកណ្តាល Milky Way ចាប់ពីរយៈចម្ងាយ ៦,៥០០ឆ្នាំពន្លឺពីចំណុចកណ្តាលកាឡាក់ស៊ី ដល់់ ២៦,០០០ឆ្នាំពន្លឺពីចំណុចកណ្តាលនៃកាឡាក់ស៊ី គឺត្រូវបានចាត់ទុកជាតំបន់សុវត្ថិភាពបំផុត សម្រាប់ការកកើត និងបន្តពូជពង្សយូរអង្វែងនៃជីវិត។

ដោយឡែកសម្រាប់តំបន់ ដែលស្ថិតនៅកៀកចំណុចកណ្តាលកាឡាក់ស៊ីជាងនេះ បាតុភូត supernova និងការផ្ទុះបញ្ចេញកាំរស្មីមរណៈនានា នៅតែបន្តកើតមានឡើងយ៉ាងខ្លាំងក្លានៅឡើយ ហើយសម្រាប់នៅជាយៗកាឡាក់ស៊ី Milky Way នេះវិញ គឺត្រូវបានគេដឹងថា មានភពតិចតួចបំផុត ប៉ុន្តែមានការផ្ទុះបញ្ចេញកាំរស្មី gamma-ray ខ្លាំងក្លា។

សម្រាប់ប្រព័ន្ធព្រះអាទិត្យយើង ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកំណត់ថា ស្ថិតនៅចម្ងាយ ២៦,០០០ឆ្នាំពន្លឺ ពីចំណុចកណ្តាល Milky Way (១ឆ្នាំពន្លឺ = ៩.៤៦១ទ្រីលានគីឡូម៉ែត្រ) ដូច្នេះមានន័យថា ប្រព័ន្ធព្រះអាទិត្យយើងកំពុង​ស្ថិតនៅចុងតំបន់មានសុវត្ថិភាពបំផុត របស់កាឡាក់ស៊ីនេះហើយ (Milky Way មានអង្កត់ផ្ចិតប្រវែងជាង ១០០,០០០ឆ្នាំពន្លឺ)៕

 

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Live Science, space.com (ថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១)

 

LEAVE A REPLY

Please enter your comment!
Please enter your name here