(អាមេរិក)៖ ក្រោយស្ងាត់អស់មួយរយៈ ឥឡូវនេះវាមកវិញហើយ ដោយយានអវកាស Juno របស់អង្គការ NASA ទើបតែបានអង្កេតឃើញសំរាំងប៉ូល ឬពន្លឺអូរ៉ូរ៉ា (Aurora) នៅលើប៉ូលខាងជើងភពព្រហស្បតិ៍ ដែលមានលក្ខណៈខុសប្លែកជាងរាល់ដង។

ឧបករណ៍ថតកាំរស្មី អ៊ុយត្រាវ៉ាយអូឡេត (UVS) ស្ថិតនៅលើយានអវកាស Juno បានផ្តិតយកបាតុភូតពន្លឺខាងលើនេះ ដែលប្រៀបបីដូចជាការបំភាយពន្លឺចេញ ជារង្វង់ចិញ្ចៀនពីលើប៉ូលភពព្រហស្បតិ៍ នៅក្នុងល្បឿនរហូតដល់ទៅ ៣.៣-៧.៧គីឡូម៉ែត្រក្នុងមួយវិនាទីឯណោះ។ ជុំវិញបាតុភូតចម្លែកនេះ ក្រុមអ្នកសិក្សាមកពី វិទ្យាស្ថានស្រាវជ្រាវនៃភាគនិរតី (SwRI) ដែលជាអ្នកផលិតឧបករណ៍ UVS បំពាក់នៅលើយាន Juno បានលើកឡើងថា ការជះចេញនៃពន្លឺ Aurora ខាងលើនេះ គឺត្រូវបានបង្កឡើងដោយភាគល្អិតទាំងឡាយ ដែលធ្វើដំណើរមកពីចុងនៃ ស្រទាប់ម៉ាញេទិចដ៏ធំអស្ចារ្យរបស់ភពព្រហស្បតិ៍។

អ្នកដឹកនាំការសិក្សាស្រាវជ្រាវខាងលើគឺលោក Vincent Hue បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងគិតថា លក្ខណៈពិសេសនៃពន្លឺ untraviolet ខ្សោយ ដែលទើបត្រូវបានរកឃើញថ្មីនេះ មានប្រភពដើមមកពី តំបន់ចម្ងាយរាប់លានគីឡូម៉ែត្រពីភពព្រហស្បតិ៍, វាគឺជាតំបន់ចុងនៃដែនម៉ាញេទិចភពព្រហស្បតិ៍ ដែលត្រូវជួបជាមួយខ្យល់ ឬព្យុះព្រះអាទិត្យនោះឯង។ Solar wind គឺជាកម្តៅស៊ូពើសូនិកនៃភាគល្អិត ដែលបញ្ចេញដោយព្រះអាទិត្យ, ពួកវាធ្វើអន្តរកម្មជាមួយស្រទាប់ម៉ាញេទិច (magnetosphere) នៅក្នុងបរិបទមួយ ដែលមិនទាន់មាននរណាអាចយល់ច្បាស់…»។

គួរបញ្ជាក់ថា វាមិនសូវខុសពីអ្វីដែលបានកើតមានឡើង ជាពិសេសនៅលើប៉ូលខាងជើងរបស់ផែនដីឡើយ គឺពន្លឺ Aurora តែងតែកើតមានឡើង នៅពេលដែលភាគល្អិតជះចេញមកពីព្រះអាទិត្យ ធ្វើដំណើរមកប៉ះជាមួយស្រទាប់ម៉ាញេទិចនៃភពមួយ។ ទោះជាបែបនេះក្តី ដែនម៉ាញេទិចរបស់ភពព្រហស្បតិ៍ គឺមានសន្ទុះខ្លាំងក្លាជាងផែនដីរហូតដល់ទៅ ២០,០០០ដង ដែលប្រការនេះមានន័យថា កម្លាំងម៉ាញេទិចភពព្រហស្បតិ៍ អាចជះចេញទៅឆ្ងាយរហូតដល់ ៦លានគីឡូម៉ែត្រពីខ្លួនវា ដើម្បីទប់ទល់នឹងខ្យល់ ឬព្យុះពីព្រះអាទិត្យ។

យ៉ាងណាក៏ដោយ ការបង្កើតរង្វង់់នៃពន្លឺ Aurora សណ្ឋានថ្មី ចេញពីប៉ូលភពព្រហស្បតិ៍ដូចខាងលើនេះ គឺពិតជាត្រូវការការសិក្សាបន្ថែមទៀត។ អ្នកវិទ្យាសាស្ត្រក្នុងតំណាក់កាលដំបូង បានធ្វើការសន្និដ្ឋានសិនថា វាជាព្រឹត្តិការណ៍នៃការផ្សាភ្ជាប់ឡើងវិញ​របស់កម្លាំងម៉ាញេទិច ( magnetic reconnection) នៅផ្នែកពេលថ្ងៃរបស់ភពព្រហស្បតិ៍ ជាពេលដែលបណ្តុំដែនម៉ាញេទិចក្នុងខ្លួនភពយក្ស ដែលវិលជុំវិញខ្លួនឯងមួយជុំតែ ១០ម៉ោងនេះ ធ្វើការរៀបចំជាថ្មីដើម្បីផ្សារភ្ជាប់គ្នាឡើងវិញ។ Juno នឹងបន្តបេសកកម្មនៅជុំវិញភពព្រហស្បតិ៍ រហូតដល់ឆ្នាំ២០២៥ ដូច្នេះវានឹងមានពេលច្រើនទៀត ដើម្បីអង្កេតមើលបាតុភូតថ្មីៗ នៅលើភពព្រហស្បតិ៍៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ space.com (ថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here