(បរទេស)៖ យានស្រាវជ្រាវភពអង្គារថ្មី Perseverance មិនទាន់អាចបកស្រាយអំពីដុំថ្មចម្លែកមួយ ដែលមានពណ៌ស្រដៀងនឹងពណ៌បៃតងនោះឡើយ ខណៈអ្វីដែលសំខាន់សម្រាប់វាពេលនេះ គឺការសម្រួលដល់កូនឧទ្ធម្ភាគចក្រ Ingenuity ឲ្យដំណើរការសិន បន្ទាប់ពីការពន្យារពេលហោះហើរដំបូង ពីថ្ងៃទី០៨ ខែមេសា ទៅកាន់តែថ្ងៃទី១១ ខែមេសាវិញ ដោយសារតែបញ្ហាមួយចំនួន។

យ៉ាងណាក៏ដោយ ដុំថ្មដូចខាងលើដែល Perseverance ទើបប្រទះឃើញនេះ បាននិងកំពុងក្លាយជាព្យុះភ្លៀង នៃការវិភាគពាសពេញបណ្តាញសង្គមនានា ខណៈក្រុមអ្នកវិទ្យាសាស្ត្រក៏បានសំណូមពរផងដែរថា សូមកុំយកអេលៀន (Alien) មកពាក់ព័ន្ធក្នុងរឿងនេះឲ្យសោះ។ ដុំថ្មដែលមានប្រវែង ១៥សង់ទីម៉ែត្រមួយដុំនេះ ត្រូវបានចាត់ទុកថាចម្លែក ព្រោះពណ៌របស់វាមាភាពលេចធ្លោ ខុសពីបរិស្ថាននៅជុំវិញខ្លួនវា។

ពេលនេះក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានត្រឹមសួរជាសំនួរសិនថា៖ តើវាអាចជាបំណែកនៃភពអង្គារ ដែលបានធ្លាក់មកវិញទៅកាន់ទីនោះ ក្រោយពីបានកើតមានព្រឹត្តិការណ៍ ប៉ះទង្គិចដ៏ខ្លាំងអស្ចារ្យឬ? តើវាអាចជាអាចម៍ផ្កាយ ដែលបានធ្លាក់លើភពអង្គារ? តើដុំថ្មនៅបាតបឹង Jezero មួយដុំនេះមានប្រភពមកពីណា? អ្វីបន្ថែមពីនេះ ក្រុមអ្នកវិទ្យាសាស្ត្របានអង្កេតឃើញ ដុំថ្មនោះមានប្រហោងតូចៗជាច្រើននៅជុំវិញខ្លួនវា ដែលពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។

បើតាមការសន្និដ្ឋានដំបូង ប្រសិនបើដុំថ្មប្រវែង ១៥សង់ទីម៉ែត្រនេះ មិនត្រូវបានកកើតឡើងនៅបានបឹង Jezero នោះទេ នោះវាអាចដូចទៅនឹងដុំអាចម៍ផ្កាយ ដែលយានស្រាវជ្រាវ Curiosity ធ្លាប់បានប្រទះឃើញកាលពីឆ្នាំ២០១៤ នៅក្នុងបឹងយក្ស Gale Crater ក៏ថាបាន។ កាមេរ៉ា SuperCam នៅលើយាន Perseverance បានផ្តិតយករូបភាពដុំថ្មមួយដុំនោះពីរយៈចម្ងាយ ៧ម៉ែត្រ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/JPL, space.com (ថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here