(បរទេស)៖ តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថា ប្រសិនបើមនុស្សទាំងអស់នៅលើពិភពលោកនេះ ចូលទៅហែលក្នុងមហាសមុទ្រព្រមពេលតែមួយ នោះតើកម្ពស់នីវ៉ូទឹកសមុទ្រនឹងឡើងកម្រិតណា។ ដូច្នេះតោះទៅគណនាទាំងអស់គ្នា ដើម្បីឲ្យដឹងច្បាស់ថា មនុស្សរាប់ពាន់លាននាក់លើផែនដី អាចបង្កភាពប្រែប្រួលគួរឲ្យកត់សម្គាល់ដែរឬទេ។

ជាទូទៅនៅពេលអាងងូតទឹកមួយពេញ បើអ្នកចូលទៅនោះវានឹងហៀរ។ អ្នកអាចចាត់ទុកមហាសមុទ្រដូចទៅនឹង អាងងូតទឹកដ៏ធំសម្បើមមួយយ៉ាងដូច្នោះ។ ដោយសារជាង ៧០ភាគរយនៃផ្ទៃផែនដីគឺជាមហាសមុទ្រ នោះអាងងូតទឹកយក្សនេះមានផ្ទៃប្រហែលជាង ៣៦០លានគីឡូម៉ែត្រក្រឡាឯណោះ។ ដើម្បីដឹងច្បាស់ថា តើបរិមាណទឹកប៉ុន្មាននឹងច្រាលឡើង យើងត្រូវដឹងជាមុនសិននូវទំហំមាឌនៃមនុស្សសរុប ដែលចូលទៅក្នុងនោះ ហើយបន្ទាប់មកចែកវាជាមួយទំហំនៃផ្ទៃមហាសមុទ្រ។

បច្ចុប្បន្នមានមនុស្សជិត ០៨ពាន់លាននាក់ហើយនៅលើផែនដី។ ដោយសារទំហំមនុស្សយើងមានតាំងពី ទារករហូតដល់មនុស្សធំ ដូច្នេះយើងសន្និដ្ឋានថា មនុស្សម្នាក់ៗមានកម្ពស់ជាមធ្យម ១.៥ម៉ែត្រ និងមាឌជាមធ្យម ០.២ម៉ែត្រគូប។ មួយទៀតដោយសារខ្លួនមនុស្សម្នាក់ៗ ត្រូវចាត់ទុកថា នឹងស្ថិតក្នុងទឹកត្រឹមពាក់កណ្តាលខ្លួន ដូច្នេះមាឌត្រឹម ០.១ម៉ែត្រគូបប៉ុណ្ណោះ នឹងត្រូវបញ្ចូលបន្ថែមទៅក្នុងកម្រិតទឹក។ ជាមួយមនុស្សជិត ៨ពាន់លាននាក់ យើងអាចគណនាបានដូច្នេះដោយយក ០.១x៨ពាន់លាន = ៨០០លានម៉ែត្រគូប ដែលជាទំហំត្រូវញាត់បញ្ចូលទៅក្នុងមហាសមុទ្រ។

ប៉ុន្តែកុំភ្លេចថា ទំហំមាធដ៏ធំមួយនេះ នឹងត្រូវចែកចាយទៅលើផ្ទៃដ៏ធំដូចគ្នានៃមហាសមុទ្រ។ ដើម្បីគណនារកចម្លើយចុងក្រោយ គឺយើងត្រូវយកមាឌ ១ពាន់លានម៉ែត្រគូបនោះចែកនឹងផ្ទៃ ៣៦០លានគីឡូម៉ែត្រក្រឡា។ ជាលទ្ធផល កំណើននៃកម្ពស់នីវ៉ូទឹកសមុទ្រគឺស្មើនឹងខ្ទង់ ០.០០០៣សង់ទីម៉ែត្រតែប៉ុណ្ណោះ ហើយមនុស្សទាំង ០៨ពាន់លាននាក់ ត្រូវលឹបចូលក្នុងសមុទ្រតែម្តងក៏ដោយ ដែលចម្លើយនឹងស្មើនឹង ០.០០០៦សង់ទីម៉ែត្រ គឺតែតិចខ្លាំងដដែល។

ដូច្នេះហើយយើងអាចនិយាយបានថា មហាសមុទ្រវាធំល្វឹងល្វើយខ្លាំងណាស់ ហើយមនុស្សយើង ទោះក្នុងចំនួនរាប់ពាន់លាននាក់ក៏ដោយ គ្រាន់តែជាតំណក់តូចៗឆ្មាប៉ុណ្ណោះ ពេលចូលទៅក្នុងនោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here