(អាមេរិក)៖ កាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រុមហ៊ុនអវកាសអាមេរិក SpaceX បានធ្វើតេស្តបាញ់បង្ហោះយានគំរូ Starship ថ្មីចុងក្រោយបំផុតរបស់ខ្លួនហៅថា SN11 ហើយដូចទៅនឹងការធ្វើតេស្ត ០៣លើកកន្លងទៅដែរ គឺវាបានផ្ទុះពេលចុះចត។ ឥឡូវស្ថាបនិក SpaceX លោក Elon Musk ទើបតែបានប្រាប់ឲ្យដឹងពីមូលហេតុនៃការផ្ទុះនោះ។

ការធ្វើតេស្តបាញ់បង្ហោះយាន SN11 បានប្រព្រឹត្តទៅ ក្រោមស្ថានភាពចុះអ័ព្ទខ្លាំង ដោយមើលអ្វីមិនឃើញច្បាស់ឡើយ។ កំឡុងការធ្វើតេស្ត វាបានហោះឡើងដល់កម្ពស់ដែលបានកំណត់ទុកគឺ ១០គីឡូម៉ែត្រដោយជោគជ័យ។ ក៏ប៉ុន្តែក្រោយ ពេលបញ្ឆេះម៉ាស៉ីនរៀបនឹងចុះចតលើដីវិញ វាក៏បានផ្ទុះ។ បើតាមលោក Musk ការផ្ទុះនោះ គឺដោយសារតែមានលេច ធ្លាយមេតាននៅក្នុងម៉ាស៉ីនលេខ ២ របស់យាន SN11។

គួរបញ្ជាក់ថា កំឡុងការធ្វើតេស្តយានគំរូ ០៣គ្រឿងមុន គឺយាន SN8 និង SN9 បានផ្ទុះឆេះពេលពួកវាចុះចតមួយទំហឹងបុកដី ខណៈ SN10 បានផ្ទុះឆេះ ក្រោយចុះចតតាមសម្រួលមកដល់លើដីវិញបានប៉ុន្មាននាទី។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន SpaceX នឹងបន្តប្រឹងប្រែងសម្រេចឲ្យបាន នូវការចុះចតដោយជោគជ័យ សម្រាប់ការអភិវឌ្ឍយាន Starship របស់ខ្លួន។ បន្ទាប់ពី SN11 SpaceX ក៏បានសាងសង់យានគំរូថ្មីមួយទៀតគឺ SN15 ផងដែរ ដែលប្រហែលនឹង ត្រូវឆ្លងកាត់ការធ្វើតេស្ត ក្នុងពេលមិនយូរប៉ុន្មានឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here